ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីគេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ដោយឲ្យពួកគេដើរសុំទាន។ ការចាប់ខ្លួនេះធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៩ ព្រឹក។
កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ឆែ ធឿន ភេទស្រី អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិ អន្ទុង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមុខរបរមិនពិតប្រាកដ ទី២ ឈ្មោះ នួន ទូច ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅភូមិ អន្ទុង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមុខរបរមិនពិតប្រាកដ។
កិច្ចប្រតិបត្តិការណ៍នេះបានសង្គ្រោះកុមាររងគ្រោះចំនួន ៦នាក់ (ស្រី ០៣នាក់) ក្នុងនោះទារកចំនួន ២នាក់ ប្រុស ករណី កេងប្រវ័ញ្ចពលកម្មលើកុមារ (ក្នុងរូបភាពដើរសុំទាន) នៅចំណុចក្នុងផ្សារបឹងឈូក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ។
បច្ចុប្បន្នការិយាល័យកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចំណែកកុមាររងគ្រោះចំនួន ៦នាក់ ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕ ដោយ៖ ផេង ភាព