កីឡាករល្អកណ្ដាប់ដៃ រឿង សោភ័ណ្ឌ មានឱកាសសងសឹកសិស្សប្អូន ធឿន ធារ៉ា ហើយនាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២០ នេះលើសង្វៀន CNC ខណៈការចាញ់ឈ្នះលើកទី១នោះប្រកួតមិនអស់ពីសមត្ថភាព។
អ្នកប្រដាល់រហស្សនាម ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ ធ្លាប់បានលើកឡើងកន្លងមកថាការចាញ់ ធឿន ធារ៉ា អំឡុងចុងឆ្នាំ ២០១៧ នៅឯទឹកដី 7NG នោះគឺប្រកួតមិនទាន់អស់ពីសមត្ថភាពនោះទេ ដោយសារតែជាប់លេងខ្សែក្រវាត់វគ្គសំខាន់ និងប្រាក់រង្វាន់ច្រើនផង។ បន្ទាប់ពីចាញ់ពិន្ទុ ធឿន ធារ៉ា នោះរួច សោភ័ណ្ឌ បន្តប្រកួតឈ្នះខ្សែក្រវាត់គោជល់១គ្រឿងទៀតនៅ CNC អំឡុងពេលនោះ។
យ៉ាងណាមិញ ធឿន ធារ៉ា នៅពេលនោះទើបលេចមុខល្បីក្នុងវិស័យប្រដាល់ ដូច្នេះហើយរូបគេមានមហិច្ឆតាខ្ពស់ចង់មានកេរ្តិ៍ឈ្មោះក្នុងស្រុកខ្មែរផងដែរ។ ធារ៉ា នៅពេលនោះក៏ឈ្នះមេដាយមាស ១គ្រឿង ក្នុងកម្មវិធីជ្រើសរើសជើងឯកគុនខ្មែរឆ្នាំ ២០១៧ នៅ 7NG បន្ទាប់ពីឈ្នះ អ៊ុំ ចំរើន វគ្គផ្ដាច់ព្រ័ត្រ។
កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាការសងសឹករវាង រឿង សោភ័ណ្ឌ និង ធឿន ធារ៉ា នាព្រឹកថ្ងៃអាទិត្យ ទី៣០ ឧសភា ២០២០ បាន ឬមិនបាន៕