អតីតខ្សែបម្រើក្លឹប Bayern Munich កីឡាករ Franck Ribery បានលើកឡើងកាលពីឆ្នាំ ២០១៣បន្ទាប់ពីកីឡាកររូបនេះមិនទទួលបានពានរង្វាន់ Ballon d’Or នៅឆ្នាំនោះថា វាលើសពីការបាក់ទឹកចិត្តទៅទៀត វាជាភាពអយុត្តិធម៌ដ៏ធំបំផុតមួយនៅក្នុងអាជីពរបស់ខ្ញុំ។ Ribery បាននិយាយថា៖” នៅពេលហ្នឹងខ្ញុំហួសពីការបាក់ទឹកចិត្តទៀត។ វាជាភាពអយុត្តិធម៌ដ៏ធំបំផុតសម្រាប់ខ្ញុំ។ ខ្ញុំឈ្នះពានរង្វាន់ទាំងអស់នៅ Bayern ប៉ុណ្ណឹងហើយ តែខ្ញុំនៅតែមិនបានពាន Ballon d’Or ហ្នឹងទៀត”។
ខ្សែបម្រើរូបនេះបានបន្តថា៖” ខ្ញុំសួរខ្លួនឯងជាច្រើនដង ហេតុបានជាមិនមែនជាខ្ញុំ។ ពេលខ្ញុំកាន់តែគិតរឿងហ្នឹង ធ្វើឲ្យខ្ញុំកាន់តែឈឺចាប់។ យ៉ាងណាមិញ Ribery បានបន្ថែមថា កាលពីឆ្នាំ ២០១៣គេជាកីឡាករដែលមានសមត្ថភាពខ្លាំងមួយរូបដែរ ដោយទទួលបានពានរង្វាន់ជាច្រើន តែនាចុងឆ្នាំនោះ អ្វីៗត្រូវរលាយអស់ក្រោយពីមិនទទួលបានពាន Ballon d’Or។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៣នោះខ្សែប្រយុទ្ធ Cristiano Ronaldo ជាអ្នកទទួលបានពាន Ballon d’Or ខាងលើមួយនេះ៕