ភ្នំពេញ៖ ផ្លូវជាតិលេខ៥ ប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ដែលស្ថិតក្នុងការស្ថាបនា សម្រេចការសាងសង់មួយភាគធំហើយ ខណៈនាព្រឹកមិញ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យ ដើម្បីពង្រឹងការសាងសង់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។
គួរឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើម សាងសង់ចេញ ពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥០០ លានដុល្លារអាមេរិក ហើយការស្ថាបនាត្រូវបានបែងចែកជាបីផ្នែកធំៗគឺ៖ ភាគខាងជើង ភាគខាង ត្បូង និងភាគកណ្តាល។
គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ១៤៣,០៤ លានដុល្លារអាមេរិក ត្រូវបានសម្ភោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ការស្ថាបនាមាន រយៈពេល៣៦ខែ គិតត្រឹមខែឧសភា ឆ្នាំ២០២០ សម្រេចបាន ៧០,០៥%ហើយ។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល មានប្រវែងសរុប ១៤៦,០៤ គីឡូម៉ែត្រ ដោយចាប់ពីធ្លាម្អម ដល់ បាត់ដំបង មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ ពី ២គន្លងទៅ៤គន្លង ក្រាលកៅស៊ូ AC កម្រាស ១៥សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារនៅចំកណ្តាល គ្រោងចំណាយទឹកប្រាក់ សរុបចំនួន ១៦១,៩០លានដុល្លារអាមេរិក ហើយការស្ថាបនាមានរយៈពេល ប្រមាណ៤២ខែ ដោយគិតត្រឹមខែឧសភា ឆ្នាំ២០២០ សម្រេចបាន ១៥,៦៥%ហើយ។
ចំណែកឯ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង មានប្រវែងសរុប ១៣៥,២៥ គីឡូ ម៉ែត្រ ចាប់ពីព្រែកក្តាមដល់ធ្លាម្អម (កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់) ពី ២គន្លងទៅ៤គន្លង ក្រាលកៅស៊ូ AC កម្រាស ១៥សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារនៅចំកណ្តាល គ្រោងចំណាយទឹកប្រាក់សរុប ចំនួន ២៤៦,៣៥លានដុល្លារអាមេរិក ហើយការស្ថាបនាមានរយៈពេល ប្រមាណ៤៨ខែ ដោយគិតត្រឹមខែឧសភា ឆ្នាំ២០២០ សម្រេចបាន ២៦,២៦%ហើយ៕ ដោយ៖ តារា