Tyson Fury បានទម្លាយឲ្យដឹងគេថា គេត្រូវបានស្នើផ្ដល់ឱកាសជួបប្រកួតជាមួយ Mike Tyson ដែលជាអតីតអ្នកប្រដាល់ជើងចាស់ចង់ត្រឡប់មកកាន់សង្វៀនវិញ។ Mike Tyson ដែលចូលនិវត្តន៍កាលពីឆ្នាំ២០០៥ បានចាប់ផ្ដើមហ្វឹកហាត់ឡើងវិញអំឡុងពេលរក្សាខ្លួននៅផ្ទះពីវីរុសកូរ៉ូណា ហើយត្រូវបានទាក់ទងជាមួយគូប្រកួតជាច្រើនដើម្បីឲ្យលោកត្រឡប់មកកាន់ការប្រកួតវិញ។
ក្នុងនោះដែល Mike ត្រូវបានគេរាយការណ៍ពិភាក្សាចង់ប៉ះដៃគូចាស់ Evander Holyfield។ ប៉ុន្តែ Fury វ័យ៣១ឆ្នាំដែលជាម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកបច្ចុប្បន្នបានប្រាប់ឲ្យដឹងថា គេក៏ត្រូវបានស្នើឱកាសដើម្បីប្រកួតជាមួយ Mike ផងដែរ។
កីឡាករសញ្ជាតិអង់គ្លេស Fury ឲ្យដឹងថា គេបានទទួលទូរសព្ទស្នើឲ្យវាយជាមួយ Mike Tyson ក្នុងការប្រកួតបែបមិត្តភាព។ គេយល់ព្រមសម្រាប់សំណើនេះ តែគិតថាវាក៏ប្រហែលមិនអាចទៅរួចដែរ ព្រោះ Mike ចាស់ទៅហើយ។ ចំពោះដៃគូដែលសមបំផុតនោះគឺ Holyfield ដែលធ្លាប់ប្រកួតជាមួយ Mike ២ដង ហើយក្នុងចិត្តពួកគេក៏ចង់សងសឹកគ្នាដែរ៕