ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអាល្លឺម៉ង់ លោក Richard Grenell បានអះអាងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មានគម្រោងដាក់ទណ្ឌកម្មប្រឆាំងនឹងគម្រោង Nord Stream 2 ។ ដោយសារតែមានការគំរាមកំហែងបែបនេះ ទើបអ្នកនាំពាក្យ Nord Stream បានលើកឡើងថា ការគំរាមកំហែងដាក់ទណ្ឌកម្មរបស់អាមេរិកខាងលើនេះ គឺជាការរើសអើងដល់បណ្ដាក្រុមហ៊ុននានារបស់អឺរ៉ុប។
លោក Jens Muller អ្នកនាំពាក្យ Nord Stream បានថ្លែងប្រាប់ Tass កាលពីថ្ងៃទី២៦ ខែឧសភា ថា ការគំរាមកំហែងដាក់ទណ្ឌកម្មរបស់អាមេរិក ប្រឆាំងនឹងគម្រោងបណ្ដាញទុយោ Nord Stream 2 កំពុងបង្កើតឲ្យមានការរើសអើងខុសទំនង ប្រឆាំងនឹងក្រុមហ៊ុននានារបស់អឺរ៉ុប។ Nord Stream 2 និងក្រុមហ៊ុន ដែលគាំទ្រគម្រោងនេះ បន្តជឿជាក់ថា ការបង្កើតបំពង់បង្ហូរប្រេងដែលអាចធ្វើទៅបានឆាប់បំផុត ដើម្បីផលប្រយោជន៍សន្តិសុខអឺរ៉ុប អតិថិជនអឺរ៉ុប ការប្រកួតប្រជែងខាងសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប និងការប្តេជ្ញាការពារអាកាសធាតុ។ ក្រុមហ៊ុននឹងមិនប៉ាន់ស្មានលើសកម្មភាព ដែលអាចកើតមានបន្ថែមរបស់រដ្ឋផ្សេង នោះឡើយ។
លោក Richard Grenell ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអាល្លឺម៉ង់ បានផ្ដល់បទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Handelsblatt ហើយត្រូវចុះផ្សាយ កាលពីថ្ងៃទី២៦ ខែឧសភា ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មានគម្រោងដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងគម្រោង Nord Stream 2 (Nord Stream 2 project) ។
ដោយឡែអ្នកនាំពាក្យ Nord Stream បានថ្លែងថា Nord Stream 2 បានព្រមព្រៀងជាមួយនឹងគណ:កម្មការអឺរ៉ុប ហើយថា ការដាក់ទណ្ឌកម្មក្រៅប្រព័ន្ធ គឺជាការរំលោភដល់ច្បាប់អន្ដរជាតិ ហើយច្បាប់អឺរ៉ុបនឹងទទួលយកនោះឡើយ។ បើតាមសេចក្ដីថ្លែងការណ៍ បានបញ្ជាក់ថា បច្ចុប្បន្នការរាតត្បាត នៃកូរ៉ូណាវីរុស កំពុងដាក់សម្ពាធយ៉ាងខ្លាំងដល់បណ្ដាប្រទេសនានា នៅជុំវិញពិភពលោក។ ដូច្នេះវាមិនមែនជាពេលវេលាត្រឹមត្រូវ សម្រាប់ការដាក់ទណ្ឌកម្មនោះឡើយ ហើយនេះក៏ជាការរំលោភទៅលើច្បាប់អន្តរជាតិផងដែរ។
សូមជម្រាបថា គម្រោង Nord Stream 2 មានការពាក់ព័ន្ធនឹងការសាងសង់បំពង់ទុយោ ដែលអាចនាំហ្គាស៥៥ពាន់លានម៉ែត្រគុប ក្នុងមួយឆ្នាំៗ ចេញពីឆ្នេរសមុទ្ររបស់រុស្ស៊ី ដោយឆ្លងកាត់សមុទ្របាល់តិក ឆ្ពោះទៅកាន់ប្រទេសអាល្លឺម៉ង់។
ក្រុមហ៊ុន Gazprom សង្ឃឹមថា បំពង់ទុយោបង្ហូរហ្គាសនេះ នឹងចាប់ផ្ដើមដំណើរការ នៅចុង២០២០ ប៉ុន្ដែនៅពេលនេះ គម្រោងនេះបានសម្រេចប្រហែល៩៣ភាគរយហើយ៕ ប្រែសម្រួលដោយ Nuon