កុមារក្រីក្រកម្ពុជា ៨៦នាក់ មានជំងឺបេះដូងចំហ ទទួលបានជីវិតថ្មី ក្រោមជំនួយឧបត្ថម្ភ និងវះកាត់ពីមិត្តចិន
កុមារក្រីក្រកម្ពុជាប្រមាណ៨៦នាក់ ក្នុងចំណោម១៥០នាក់ ដែលមានជំងឺបេះដូងចំហ បានទទួលការវះកាត់ព្យាបាល ដោយមិនគិតថ្លៃ នៅប្រទេសចិន។
យោងតាមកិច្ចសហប្រតិបត្តការ យ៉ាងជិតស្និតរវាងកម្ពុជា-ចិន នាពេលកន្លងមក រដ្ឋាភិបាលចិនបានសម្រេចជួយដល់កម្ពុជា លើវិស័យសុខាភិបាល ដោយក្នុងនោះមានមួយផ្នែក ត្រូវបានគាំទ្រទៅលើការជួយព្យាបាលកុមារ ដែលមានបញ្ហាជំងឺបេះដូងចំហ ឱ្យបាន១៥០នាក់។
បើតាមលោក បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានឱ្យដឹងថា ប្រទេសចិនបានផ្តល់ជំនួយ ជាកញ្ចប់ថវិកាមកកាន់សមាគម ដើម្បីអនុវត្តកម្មវិធីជួយសង្រ្គោះកុមារ ដែលមានជំងឺបេះចំហនៅកម្ពុជា។
លោកបណ្ឌិតបន្តថា កន្លងមកនេះ ខាងភាគីចិនបានកំណត់គោលការ ក្នុងការជួយដល់កុមារឱ្យបាន១៥០នាក់ ប៉ុន្តែមកដល់ពេលនេះ សមាគមបានជួយកុមារបានប្រមាណ៨៦នាក់ហើយ។
លោកបណ្ឌិតបញ្ជាក់ថា”ភាគច្រើនកុមារដែលបានទទួលសេវាព្យាបាលវះកាត់ នៅប្រទេសចិននេះ គឺសុទ្ធតែជាកុមារក្រីក្រ។ សមាគមមិនប្រកាន់គោលការ ក្នុងការជួយកុមារថា ក្នុងកម្រិតជាអ្នកមានឬក្រឡើយ ប៉ុន្តែលក្ខខណ្ឌតែមួយគត់ ដែលយើងទាមទារ នៅក្នុងការជួយនេះ គឺកុមារនោះត្រូវតែជាជនជាតិខ្មែរ”។
ការស្វែងរកកុមារដែលមានបញ្ហាបេះដូងចំហ គឺត្រូវធ្វើឡើងជាពីរដំណាក់កាល គឺខាងអាណាព្យាបាលកុមារ បានមកទំនាក់ទំនងសមាគមដោយខ្លួនឯង និងខាងភ្នាក់ងារសមាគមចុះស្វែងរកដោយផ្ទាល់។
លោកបណ្ឌិតបន្ថែមថា សមាគមបានប្រើប្រាស់គេហទំព័រហ្វេសប៊ុក ដើម្បីប្រកាសជាព័ត៌មាន សម្រាប់ឱ្យព្យាបាលយកកូនមកទទួលសេវា។
សូមបញ្ជាក់ថា គម្រោងវះកាត់ព្យាបាលកុមារមានជំងឺបេះដូងចំហ ត្រូវបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨មក ក្នុងនោះគម្រោងបានសម្រេចជួយទៅដល់កុមារប្រមាណ១៥០នាក់។ រហូតមកដល់ឥឡូវនេះ នៅសល់កុមារប្រមាណជិត៧០នាក់ ដែលគ្រោងនិងទទួលសេវាព្យាបាល ខណៈកុមារ៨៦នាក់ទៀត បានធ្វើការវះកាត់ទទួលបានជោគជ័យ នាពេលកន្លងមក៕ ដោយ៖ ឃួន លក្ខិណា