Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មន្ត្រីរដ្ឋបាលជលផលហាមពលរដ្ឋទទួលទានត្រីក្រពតពុលទាំង ៥ប្រភេទ

ស្ទឹងត្រែង៖មន្ត្រីជំនាញរដ្ឋបាលជលផល បានហាមពលរដ្ឋកុំឲទទួលទាន ត្រីកពត ព្រោះបណ្តាលឲ្យស្លាប់ជាបន្តបន្ទាប់ ដោយសារមានសារធាតុពុល។ លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា យោងតាមការស្រាវជ្រាវ របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប របស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានរកឃើញនៅប្រទេសកម្ពុជា មានត្រីក្រពតចំនួន១០ប្រភេទ ក្នុងនោះ៥ប្រភេទ មានសារធាតុពុល។ ត្រីក្រពតពុលទាំង៥ប្រភេទនោះ គឺ ១.ក្រពតកូសាំងស៊ីន ២.ក្រពតអុចធំ ៣.ក្រពតភ្នែកក្រហម ៤.ក្រពតអុចបៃតង និង៥.ក្រពតខ្មៅ (សូមពិនិត្យរូបភាពភ្ជាប់ជាមួយ)។ សារធាតុពុល នៅក្នុងក្រពតប្រែប្រួល ទៅតាមរដូវកាល គឺកម្រិតពុលខ្ពស់បំផុត នៅរដូវពងកូនដែលជាធម្មតា ចាប់ពីខែកុម្ភៈ ដល់ខែកញ្ញា។

ចំពោះសារធាតុពុលក្នុងខ្លួនក្រពត ក៏មានកម្រិតខុសគ្នាដែរគឺ ពង និងស្ពែម មានសារធាតុពុលខ្ពស់ជាងគេ បន្ទាប់មកគឺថ្លើម ពោះវៀន ស្បែកនិងសាច់។ អ្នកដែលបានបរិភោគត្រីក្រពតទាំង៥ប្រភេទខាងលើ អាចបណ្តាលឲ្យឈឺក្បាល វិលមុខ ល្ហិតល្ហៃ រឹងថ្គាម ស្ពឹកចុងដៃជើង រាគរួស ក្អួតចង្អោរឬ អាចបណ្តាលឲ្យស្លាប់តែម្តង។ ដើម្បីជៀសវាងបញ្ហាដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតរបស់យើង សូមប្រជាពលរដ្ឋទាំងអស់ មេត្តាពិនិត្យប្រភេទក្រពត ឲ្យបានច្បាស់លាស់ ជាពិសេសក្រពតទាំង៥ប្រភេទ ដូចបានជម្រាបជូនខាងលើ។ ម្យ៉ាងទៀតបើមានអាការដូចពោលខាងលើ សូមប្រញាប់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ដើម្បើជួយសង្រោះបន្ទាន់ ដោយកុំធ្វេសប្រហែសឡើយ។ សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ នៅម៉ោង៦ ល្ងាច នៅក្នុងភូមិមួយ នៃឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានដំណើររឿង ពុលត្រីកំពតស្លាប់ ក្រោយបរិភោគទទួលទានអាហារពេលល្ងាច មួយសន្ទុះក្រោយមក។

ជនរងគ្រោះដែលស្លាប់ភ្លាមៗ រួមមាន ១)-ឈ្មោះ យុង ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ២)-ឈ្មោះ ហុង សារ៉ាត ហៅ ប៉ែ អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិស្រែតាជ័យ ឃុំ អភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នមកស្នាក់នៅធ្វើការ ភូមិស្រែកិន ឃុំ ត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ក្នុងហេតុការណ៍ខាងលើ មានមនុស្ស៥នាក់ បានហូបត្រីកំពតជាមួយគ្នា ប៉ុន្ដែអកុសល ២នាក់បានពុលជួយសង្គ្រោះមិនបានស្លាប់តែម្ដង ចំណែក ៣នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា ដំបូងឡើយពួកគាត់បាននាំគ្នាយកត្រីដែលអូសបានយកមកធ្វើម្ហូបដូចសព្វមួយដង មិនដឹងថាត្រីកំពតមានឥទ្ធិពលមហិទ្ធិឫទ្ធិខ្លាំងក្លាអស្ចារ្យអាចប្រហារជីវិតមនុស្សបាននោះទេ គ្រាន់តែអាចម៍ត្រីកំពត ដែលធ្វើបោះចោលទៅលើដី ត្រូវសត្វមាន់ ឆ្កែ ស៊ី ក៏ត្រូវពុលស្លាប់ដែរ (មាន់ ៧ក្បាល,ឆ្កែ ១ក្បាល) ។

ជនរងគ្រោះដែលបានសង្គ្រោះទាន់ពេលវេលា ១.ឈ្មោះម៉ៅ សេង ហៅ យាយឡច ភេទស្រីអាយុ ៥០ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ២.ឈ្មោះ វណ្ណ ស្រីពេជ្រ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ៣.ឈ្មោះ វណ្ណ សម្ផស្ស ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ។ នគរបាលខេត្តកំពង់ស្ពឺ ជាការសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស សូមមេត្ដាប្រុងប្រយ័ត្នបំផុតចំពោះការទទួលទានអាហារប្រចាំថៃ្ង ពិសេសករណីត្រីកំពតនេះ ជាទូទៅមានមនុស្សពុលស្លាប់មិនតិចនាក់ទេកន្លងមក អ្នកខ្លះមិនស្លាប់ ដោយសារតែការជួយសង្គ្រោះបានទាន់ពេលតែប៉ុណ្ណោះ ៕

from: https://tnaot.com/km/m/detail/article/9263346