អតីតប្រធានសន្ដិសុខនៅក្លឹបបិសាចក្រហម Manchester United បានអះអាងថា Sir Alex Ferguson មានឱកាសក្នុងការចុះកុងត្រានាំ Thierry Henry មកចូលរួមក្នុងក្រុម ប៉ុន្ដែបានបដិសេធទៅវិញដោយសារមូលហេតុ រូបគេតែងតែងាយរងរបួស មុនពេលសាមីខ្លូនចូលរួមជាមួយក្រុមកាំភ្លើងធំ Arsenal។
Henry បានជាប់ឈ្មោះជាវីរបុរសរបស់ Arsenal ក្រោយស៊ុតបញ្ចូលទីកំណត់ត្រា ២២៨គ្រាប់ ក្នុង៣៧៥ប្រកួតសម្រាប់ក្លឹប និងបញ្ជូនបានចំនួន៩២ដងផងដែរ ជាពិសេសបានក្លាយជាផ្នែកសំខាន់របស់ក្លឹប ក្នុងការឈ្នះពានមាសលីគដោយប្រកួតមិនដែលចាញ់សោះក្នុងមួយរដូវកាល ២០០៣-២០០៤។
យ៉ាងណាក្ដីបើយោងតាមលោក Ned Kelly ដែលជាអតីតប្រធានសន្ដិសុខនៅ Old Trafford បាននិយាយប្រាប់ beIN Sports ថា៖ «ក្នុងបន្ទប់ក្រោយចប់ការប្រកួត ទូរស័ព្ទរបស់បងប្រុស Eric Catona ឈ្មោះ Jean-Marie បាននិយាយថា ឆាប់ប្រាប់ Sir Alex ទៅ, Thierry Henry ចង់មកកាន់ក្លឹបនេះ»។
«វាជាជម្រើសរបស់គេគឺមកទីនេះ មុនពេលផ្លាស់ទៅ Arsenal។ ហើយ Sir Alex និយាយថា «គ្មានផ្លូវទេ, គេងាយរងរបួសណាស់។ ក្រោយមកគេក៏បានទៅ Arsenal, ប្រវត្ដិសាស្រ្ដក៏បានកើតឡើងមកទល់សព្វថៃ្ង»៕
ប្រភព៖ Dailymail