អ្នកទោសចំនួន១៣៥នាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានដោះលែង នៅក្នុងអំឡុងពេលទប់ស្កាត់ការឆ្លងរាតត្បាត នៃវីរុសកូវីដ១៩នោះ ក៏ត្រូវចាប់ខ្លួនសាជាថ្មី ដើម្បីនាំមកអនុវត្ដទោសរបស់ពួកគេដែល នៅសេសសល់។
លោក Ahmad Ramadhan អ្នកនាំពាក្យប៉ូលិសជាតិឥណ្ឌូនេស៊ី បានថ្លែងថា ទណ្ឌិតចំនួន១៣៥នាក់ ដែលត្រូវបានដោះលែង ដើម្បីទប់ស្កាត់នឹងកូវីដ១៩នោះ នឹងត្រូវនាំមកអនុវត្ដទោសរបស់ពួកគេវិញ។ រីឯបទល្មើស ភាគច្រើន ដែលពួកគេប្រព្រឹត្ដនោះ រួមមាន ចោរកម្ម ប្លន់ និងលួចយានយន្ដ។ ក្រៅពីនេះ អ្នកទោសខ្លះក៏បានប្រព្រឹត្ដឧក្រិដ្ឋកម្មផងដែរ រួមមាន ឃាតកម្ម រំលោភសេពសន្ថវ: ល្បែង រំលោភផ្លូវភេទលើកុមារ ប្រើប្រាស់អំពើ ហិង្សា និងគ្រឿងញៀនផងដែរ។
បើតាមសារព័ត៌មាន Kompas បានដកស្រង់សេចក្ដីថ្លែងការណ៍របស់លោក Ahmad កាលពីថ្ងៃទី២៥ ខែឧសភា ថា ក្រសួងច្បាប់ និងសិទ្ធិមនុស្ស បានដោះលែងអ្នកទោស ចំនួន១៣៥ ដើម្បីទប់ស្កាត់កូវីដ១៩។ ប៉ុន្ដែនៅពេលនេះ ទណ្ឌិតទាំងនោះ ត្រូវចាប់ខ្លួន ដើម្បីនាំមកឲ្យអនុវត្ដទោសរបស់ពួកគេវិញ។
ប្រភពព័ត៌មានដដែល បានបន្ដថា ក្នុងចំណោមអ្នកទោស១៣៥នាក់ ដែលត្រូវដោះលែង ហើយចាប់មកអនុវត្ដទោសវិញនោះ គឺមាននៅក្នុងតំបន់ចំនួន២៣ រួមមាន កោះជ្វាកណ្ដាល និងភាគខាងជើងកោះស៊ូម៉ាត្រា ដែលមានចំនួនច្រើនជាងគេ ។ រីឯខេត្ដ Riau មានចំនួន១២ករណី និងកោះជ្វាខាងលិច (West Java) មានចំនួន១១ករណី។ បទល្មើសរបស់អ្នកទោសខ្លះក៏ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មផងដែរ។
ក្រសួងច្បាប់ និងសិទ្ធិមនុស្សឥណ្ឌូនេស៊ី បានដោះលែងអ្នកទោសជាង ៣៧ ០១៤នាក់ និងអ្នកជាប់ឃុំឃាំងជាកុមារ ចំនួន ២ ២៥៩នាក់ ក្រោមកម្មវិធីលើកលែង និងសមាហរណកម្មទប់ស្កាត់កូវីដ១៩ ជាមួយនឹងគម្រោងរបស់រដ្ឋាភិបាល ដោះលែងអ្នកទោស៥ម៉ឺននាក់។
បើតាមទិន្នន័យជាផ្លុវការ បានបង្ហាញថា ឥណ្ឌូនេស៊ី មានអ្នកទោសសរុប ២៧០ ៣៨៦នាក់ ហើយចំនួនដ៏ច្រើនបែបនេះ អាចលើសចំណុះពីកន្លែង ត្រូវឃុំឃាំងពួកគេ។ ការឃុំឃាំងនៅក្នុងបន្ទប់ដែលមានអ្នកទោសច្រើន ហើយខ្វះអនាម័យបរិស្ថាន អាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ក្នុងពេលផ្ទុះកូវីដ១៩នេះ។
លោក Yasonna Laoly រដ្ឋមន្រ្ដីក្រសួងច្បាប់ និងសិទ្ធិមនុស្សឥណ្ឌូនេស៊ី បានថ្លែងថា កម្មវិធីលើកលែងទោស សម្រាប់អ្នកទោស និងអ្នកជាប់ឃុំឃាំងជាអនីតិជន គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងការរីករាលដាល នៃកូវីដ១៩។
បើគិតត្រឹមល្ងាច ថ្ងៃទី២៦ ខែឧសភា ឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ១៩ ចំនួន ២២ ៧៥០នាក់ ក្នុងនោះមានអ្នកស្លាប់ ១ ៣៩១នាក់ និងអ្នកជាសះស្បើយ ៥ ៦៤២នាក់។ ឥណ្ឌូនេស៊ី ជាប្រទេសមានអ្នកឆ្លងច្រើនលំដាប់លេខ២ នៅក្នុងតំបន់អាស៊ាន និងឈរក្នុងលំដាប់លេខ៣២ នៅលើពិភពលោក។ ឥណ្ឌូនេស៊ី មានអ្នកស្លាប់ដោយកូវីដ១៩ ច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ាន៕ ប្រែសម្រួលដោយ Nuon