ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយលោក លឹម ចាន់ដាវុធ នាយករដ្ឋបាលសាលាខណ្ឌ លោកប្រធានការិយាល័យសាធារណៈការខណ្ឌ លោកចៅសង្កាត់កន្ទោក លោកប្រធានភូមិកំរៀង និងប្រធានភូមិត្រពាំងគល់ ចុះពិនិត្យការងារ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ។
ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណងដើម្បីរៀបចំរចនាសម្ព័ន្ធផ្លូវ-បណ្តាញលូ នៅភូមិកំរៀង ក្នុងនោះលោកអភិបាលខណ្ឌបានណែនាំ បានឲ្យមន្ត្រីសាធារណៈការ ធ្វើការសហការជាមួយលោកប្រធានភូមិ ដើម្បីវាស់វែង សិក្សាប្លង់លម្អិត មុនដាក់ជូនលោកអភិបាលពិនិត្យ។
ជាមួយគ្នានេះ អាជ្ញាធរក៏បានចុះពិនិត្យទីតាំងដាក់លូមួយខ្សែតាមបច្ចេកវិទ្យាទំនើប ប្រវែង១,៥០០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៤ ខាងមុខវិទ្យាស្ថានជាតិអាវុធហត្ថ អមតាមផ្លូវបេតុងចូលរោងចក្រយ៉ាកជីង និងអមខាងក្រោយវិទ្យាស្ថានអាវុធហត្ថ ដល់របងបុរីកំបូលស៊ីតធី ស្ថិតនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ដែលតែងតែមានលិចលង់ ដោយសារទឹកភ្លៀងជារាល់ឆ្នាំ។
ហើយក៏បានបន្តចុះពិនិត្យ និងពន្លឿនការស្ថាបនាសួនច្បារ ដើម្បីបំពាក់សម្ភារៈហាត់ប្រាណសាធារណៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខាងមុខសាលាសង្កាត់កន្ទោក ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល៕ ដោយ៖ ផេងភាព