ភ្នំពេញ៖ សម្រេចផ្អាកការផ្ដល់ទិដ្ឋាការជាបណ្ដោះអាសន្នសម្រាប់ការផ្ដល់ប្រាក់កម្រៃដល់គ្រូបង្រៀនពីរថ្នាក់ពីរវេន គ្រូបង្រៀនថ្នាក់គួបគ្រប់កម្រិត និងគ្រូបង្រៀនរបបម៉ោងបន្ថែម។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។
ក្នុងសេចក្ដីជូនដំណឹង រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលបានផ្ញើជូនប្រធានមន្ទីរមុខងារសាធារណៈ រាជធានី ខេត្ត បានជម្រាបថា ក្នុងស្ថានភាពភាពដែលគ្រឹះស្ថានសិក្សាគ្រប់កម្រិត នៃក្រសួងអប់រំយុវជន និងកីឡា ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ដោយសារជំងឺកូវីដ១៩ ព្រមទាំងដើម្បីគ្រប់គ្រងការបើកផ្ដល់ប្រាក់កម្រៃគ្រូបង្រៀនពីរថ្នាក់ពីរវេន គ្រូបង្រៀនថ្នាក់គួបគ្រប់កម្រិត និងគ្រូបង្រៀនរបបម៉ោងបន្ថែម សមស្របតាមវិធានការរបស់រាជរដ្ឋាភិបាល ស្ដីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយ ខ្ញុំសូមណែនាំដល់ លោក លោកស្រី ប្រធានមន្ទីមុខងារសាធារណៈ រាជធានី ខេត្ត ទាំងអស់ដូចតទៅ៖
១-ផ្អាកការផ្ដល់ទិដ្ឋាការប្រាក់កម្រៃប្រចាំខែគ្រូបង្រៀនពីរថ្នាក់ពីរវេន គ្រូបង្រៀនថ្នាក់គួបគ្រប់កម្រិត និងគ្រូបង្រៀនរបបម៉ោងបន្ថែម ចាប់ពីពេលនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មី
២-ក្នុងករណីដែលមានការបើកផ្ដល់ប្រាក់កម្រៃជូនគ្រូបង្រៀនខាងលើនាពេលកន្លងមក ក្រសួងមុខងារសាធារណៈនឹងពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយក្នុងការទូរទាត់ថវិការនេះវិញ៕