Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្មករលើកគ្នាសុំអង្វរឲ្យថៅកែបើកប្រាក់ខែជូនពួកគាត់ ព្រោះគ្មានលុយឱ្យផ្ទះជួលទេ

ភ្នំពេញ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ យ៉ីហោ ខ្វលីធី តេក្សស្ទីល ខណៈដែលគ្មានលុយបើកប្រាក់ឈ្នួលជូនកម្មករ អស់រយៈពេល២ខែមកហើយ មានតែ៣០ដុល្លាម្នាក់យកធ្វើអ្វីចេញ ឲ្យតែថ្លៃបន្ទប់ជួលមិនទាំងគ្រប់ផង បងប្អូនកម្មករជាង ៣០០នាក់ក្នុងចំណោម ១២០០នាក់ ធ្វើកូដកម្មទាមទារប្រាក់ឈ្នួល នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅខាងមុខរោងចក្រ ស្ថិតនៅតាមផ្លូវបេតុង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។

តាមកម្មករបានឲ្យដឹងថា រោងចក្រខាងលើ កាត់ដេរសម្លៀកបំពាក់ មានថៅកែជាជនជាតិចិន កម្មករបម្រើការងារសរុប ១២០០នាក់ ក៏ប៉ុន្តែមួយរយៈអំឡុងពេលផ្ទុះជំងឺកូវីដ១៩ ខាងក្រុមហ៊ុនរោងចក្រ បានព្យួរការងារកម្មករអស់មួយចំនួនធំ ហើយនៅសល់ជាង៣០០នាក់ បន្តការងារតាំងពីខែមេសា ឆ្នាំ២០២០ មកដល់ខែឧសភានេះ តែប្រាក់ឈ្នួលវិញ សម្រាប់ខែមេសា ថៅកែឲ្យតែ ៣០ដុល្លាម្នាក់ ដោយក្នុងប្រាក់ខែគិតជាមធ្យម ២០០ដុល្លាក្នុង១នាក់។

កម្មករបន្តទៀតថា ដោយសារការយោគយល់ថៅកែពេក ទោះជាសន្យាម្តងថ្ងៃនេះ ម្តងថ្ងៃនោះ បើកលុយឲ្យគ្រប់ និងបានបញ្ចុះបញ្ចូលកម្មករឲ្យនៅបន្តការងារខែថ្មី (ខែឧសភា) លុះដល់ថ្ងៃត្រូវបើកលុយទៅហើយ កុំថាឡើយលុយឈ្នួលខែថ្មី សូម្បីលុយឈ្នួលខែចាស់ ក៏មិនទាន់ឃើញស្រមោលផង សួរថាកម្មករបានលុយឯណាឲ្យថ្លៃបន្ទប់ជួល ថ្លៃហូបចុក កាលបើទៅស្រុកលេងផ្ទះសម្បែងមិនទាំងហ៊ានទៅផង ទើបនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ កម្មករអស់ជម្រើសគ្មានអ្វីហូប មានតែនាំគ្នាប្រមូលផ្តុំធ្វើកូដកម្មទាមទារតែលុយឈ្នួលរបស់ខ្លួនប៉ុណ្ណោះ។

ការធ្វើបាតុកម្មនេះ កម្មករបានសំណូមពរដល់ក្រុមហ៊ុនរោងចក្រ ជួយបង់ប្រាក់ឈ្នួលចំនួន ២ខែកន្លងមកនេះឱ្យពួកគាត់ ព្រោះគ្មានលុយឲ្យថ្លៃផ្ទះជួលទេ និងរកអង្កច្រកឆ្នាំងសឹងមិនបានផង សូមឲ្យថៅកែ កុំសន្យាតែខ្យល់ ៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9260671