ចិនទម្លាក់ចំណុចកណ្តាលប្រាក់យន់ទាបបំផុត មិនធ្លាប់មានតាំងពីវិបត្តិសេដ្ឋកិច្ចសាកលឆ្នាំ២០០៨
ធនាគារកណ្តាលរបស់ប្រទេសចិនបានទម្លាក់ចំណុចកណ្តាលប្រាក់យន់ជាផ្លូវការរបស់ខ្លួន ឲ្យធ្លាក់ទៅក្នុងកម្រិតមួយទាបបំផុត មិនធ្លាប់មាន ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចសាកលឆ្នាំ២០០៨ រៀងរហូតមក ។
ប្រភពរ៉យទ័របានផ្សាយថា ធនាគារប្រជាជនចិន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានកំណត់ចំណុចកណ្តាលនៅប្រហែល ៧,១២០៩ យន់ ស្មើមួយដុល្លារអាមេរិក អំឡុងពេលទីផ្សារបើកទ្វារ ។
ដូចនេះ គឺជាចំណុចកណ្តាលប្រាក់យន់ដែលបានទម្លាក់ចុះស្មើប្រហែល ៣៨ ភាគរយ ជាងកាលពីគ្រាមុន ដែលមានចំនួន ៧, ០៩៣៩ យន់ ស្មើមួយដុល្លារអាមេរិក ។
គោលជំហរនេះរបស់ទីក្រុងប៉េកាំង បានបង្កើតឲ្យមាននិន្នាការថ្មីមួយទៀតរវាងសហរដ្ឋអាមេរិក និងចិន ខណៈដែលទំនាក់ទំនងរវាងមហាអំណាចទាំងពីរ កាន់តែយ៉ាប់យឺន ។ ជាពិសេសនៅក្នុងបញ្ហាជំងឺរាតត្បាតកូវីដ១៩ ក៏ដូចច្បាប់សន្តិសុខជាតិថ្មីរបស់ចិនស្តីអំពីបញ្ហានៅហុងកុង ។
ប៉ុន្តែអ្នកវិភាគសង្កត់ធ្ងន់ថា វាឆាប់រហ័សពេកក្នុងការសន្មតថា នេះជាការចាប់ផ្តើមនៃសង្គ្រាមរូបិយប័ណ្ណ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងនោះ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា សកម្មភាពរបស់ចិនបែបនេះ គ្រាន់តែឆ្លុះបញ្ចាំងពីការបាត់បង់ប្រាក់យន់ជាមូលដ្ឋានប៉ុណ្ណោះ ។
តាមពិតទៅប្រាក់យន់របស់ចិននៅឯនាយសមុទ្របានធ្លាក់ចុះកម្រិតទាបរយៈពេល២ខែមកហើយ គឺត្រឹមតែ ៧, ១៦៤៤ ស្មើមួយដុល្លារអាមេរិក ហើយវាបានធ្លាក់ចុះបន្ថែមទៀត ក្រោយពីកម្រោងចេញច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុងប៉េកាំងទាក់ទងបញ្ហានៅកោះហុងកុងនោះ ដែលជាហេតុនាំឲ្យក្រុមអ្នកវិនិយោគិនស្ទុះស្ទារទៅរកការគ្រប់គ្រងប្រាក់ដុល្លារវិញ ដែលជាឋានសួគ៌ាសុវត្ថិភាពជាប្រពៃណីមកនោះ ។
ដោយសារតែការរីករាលដាលជំងឺរាតត្បាតកូវីដ១៩ ប្រទេសចិនមានគោលបំណងធ្វើឱ្យមានឱនភាពសារពើពន្ធនៅឆ្នាំ ២០២០ យ៉ាងហោចណាស់ ៣,៦ ភាគរយ នៃផលិតផលក្នុងស្រុកសរុប ខ្ពស់ជាង ២,៨ភាគរយ កាលពីឆ្នាំមុន ។
ទោះបីជាមានវិធានការហិរញ្ញវត្ថុខ្លាំងក្លាក៏ដោយ ដែលប្រទេសចិនបានអនុវត្តដើម្បីជំរុញកុំឲ្យធ្លាក់ចុះសេដ្ឋកិច្ចក្នុងកំឡុងពេលជំងឺរាតត្បាតនេះ ប៉ុន្តែការព្រួយបារម្ភរបស់អ្នកវិភាគនៅតែមានអំពីការលំបាកផ្នែកហិរញ្ញវត្ថុរបស់ទីក្រុងប៉េកាំងដដែល ៕ ប្រែសម្រួលដោយ៖ thach yat