បើគិតត្រឹមព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ប្រទេសរុស្ស៊ី មានអ្នកឆ្លងកូវីដ១៩ កើនឡើង ៣៥៣ ៤២៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ១១៨ ៧៩៨នាក់ និងស្លាប់៣ ៦៣៣នាក់ ហើយប្រទេសមហាអំណាចនុយក្លេអ៊ែរមួយនេះ ក្លាយជាអ្នករងគ្រោះដោយកូវីដ១៩ លំដាប់លេខ៣ បន្ទាប់ពីអាមេរិក និងប្រេស៊ីល តែនៅពេលនេះ រុស្ស៊ីនឹងសម្រេចសាកល្បងវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ នៅចុងខែមិថុនា។
លោក រីណាត ម៉ាកស៊ីយូតូវ (Rinat Maksyutov) ប្រធានមជ្ឈមណ្ឌល Vector បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tass ថា មជ្ឈមណ្ឌលរដ្ឋ Vector សម្រាប់ស្រាវជ្រាវមេរោគសាស្រ្ដ និង ជីវបច្ចេកវិទ្យារបស់រុស្ស៊ី មានគម្រោងសាកល្បងវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ នៅចុង ខែមិថុនា។ មជ្ឈមណ្ឌលកំពុងតែជ្រើសរើសវ៉ាក់សាំងគំរូ ដែលទទួលបានជោគជ័យ យកមកស្រាវជ្រាវបន្ថែមទៀត មុននឹងចាក់ទៅលើមនុស្ស។
នៅក្នុងអំឡុងជួបប្រជុំជាមួយនឹងលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កាលពីខែមេសា លោក ម៉ាកស៊ីយូតូវ ( Maksyutov) បានប្រកាសថា វិទ្យាស្ថានវ៉ែកទ័រ (Vector) បានរៀបចំរួចជាស្រេច សម្រាប់ចាប់ផ្ដើម នៃការសាកល្បងព្យាបាលជំងឺកូវីដ១៩ ដោយមានការអនុញ្ញាតពីក្រសួងសុខាភិបាល នៅក្នុងខែឧសភា ។ ជាមួយគ្នានេះដែរ លោក មីខែល មូរ៉ាស្កូ (Mikhail Murashko) រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ក៏បានថ្លែង នៅពេលនោះដែរថា វ៉ាក់សាំងនេះនឹងអាចដំណើរការសាកល្បងបាន។
លោករដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានបញ្ជាក់ថា បើតាមការអនុលោមតាមកម្មវិធីដែលបានអនុញ្ញាតនោះ ការសាកល្បងព្យាបាល នឹងចាប់ផ្ដើម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។ ការសម្រេចបែបនេះ បន្ទាប់ពីយើងទទួលបានលទ្ធផលល្អ និងមានសុវត្ថិភាពពីវ៉ាក់សាំង ក្រោយការសាកល្បងទៅលើសត្វ ទើបមានការអនុញ្ញាតពីក្រសួងសុខាភិបាល។ រហូតមកដល់ពេលនេះ យើងកំពុងកំណត់ពីផែនការនេះ។
លោកប្រធានវិទ្យាស្ថាន Vector បានបញ្ជាក់ថា វ៉ាក់សាំងចំនួន២៥ប្រភេទផ្សេងៗគ្នា ត្រូវបានធ្វើតេស្ដទៅលើសត្វជាច្រើនក្បាល។ ប៉ុន្ដែក្នុងចំណោមវ៉ាក់សាំងទាំងនោះ គឺវិទ្យាស្ថានបាន ជ្រើសរើស តែវ៉ាក់សាំងដែល បានធ្វើតេស្ដប្រកបដោយជោគជ័យ ចំនួន៣ប្រភេទប៉ុណ្ណោះ៕ ប្រែសម្រួល ដោយ Nuon