ថ្ងៃអង្គារ ទី ២៦ ខែឧសភា ឆ្នាំ ២០២០ឆ្នាំខាល កុរ គួរប្រយ័ត្នខណៈឆ្នាំឆ្លូវ ម្សាញ់ វក ឡើងខ្ពស់
តាមក្បួនហោរាសាស្ត្រ ថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ឆ្នាំកុរ ឆុងជាមួយឆ្នាំម្សាញ់។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីល្អជាមធ្យម។
ការងារ ៖ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការជឿនលឿនទៅមុខយឺតបន្តិច ការងារណាដែលមិនច្បាស់លាស់កុំប្រថុយប្រថានកើតជាអូរហូរជាស្ទឹង។ សម្រាប់អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនវិញមានការប្រទាំងប្រទើសជាមួយមិត្តភក្តិបន្តិចចូរប្រយ័ត្នកើតជម្លោះវិវាទ។
ជំនួញ ៖ កុំសម្លឹងលាភធំ ភ្លេចលាភតូចតាច ព្រោះចំណូលភាគច្រើនបានតែតូចតាចប៉ុណ្ណោះ។
ស្នេហា ៖ ប្តីប្រពន្ធកុំចង់ចាញ់ឈ្នះប្រយ័ត្នកើតជម្លោះវិវាទឈានទៅរកការបែកបាក់ ។
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះការងារមានការជឿនលឿនទៅមុខគួរជាទីកក់ក្តៅ ហើយពិសេសលោកអ្នកអាចទទួលដំណឹងល្អអ្វីមួយថែមទៀត។
ជំនួញ ៖ បើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ ស្នេហាប្រុសស្រីមានភាពជឿនលឿនទៅមុខនិងផ្អែមល្ហែមល្អប្រពៃ។
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេ ហេតុនេះមិនគប្បីធ្វើកិច្ចការងារណាដែលសំខាន់ឡើយ ពីព្រោះថាផលអាក្រក់តែងកើតមានឡើងនាពេលក្រោយវិញផង។
ជំនួញ ៖ ការទិញចូលលក់ចេញរស់រវើកគ្រាន់បើហើយផលកម្រៃមានចូលគ្រាន់កក់ក្តៅផ្លូវចិត្ត។
ស្នេហា ៖ កំលោះក្រមុំមានដំណើរថយក្រោយហើយប្រឆាំងគ្នាច្រើនចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយនាំត្រូវឈឺផ្សាផ្លូវចិត្ត។
ឆ្នាំថោះ
រាសីល្អជាមធ្យម។
ការងារ ៖ ថ្ងៃនេះការប្រកបការងារលោកអ្នកឆាប់មានការប៉ះទង្គិចជាមួយមនុស្សនៅក្បែរខ្លួនណាស់ គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបពុំមានបញ្ហាចម្រូងចម្រាសកើតឡើង។ ក្នុងរង្វង់គ្រួសារលោកអ្នកត្រូវតែចេះអត់ឱនឱ្យ គ្នាទើបមានភាពសុខដុមនិងប្រាក់កាសមិនសូវហូរធ្លាយចេញ។
ជំនួញ ៖ ការរកផលចំណូលជួបការលំបាកហើយទាល់តែស្វះស្វែងបន្តិចទើបប្រាក់កាសហូរចូលគ្រាន់ធូរទៅរួច។
ស្នេហា ៖ មានភាពសុខដុមនិងផ្អែមល្ហែមល្អប្រពៃ។
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះអ្វីដែលលោកអ្នកមើលឃើញថាល្អប្រយ័ត្នប្រែជាអាក្រក់ ហើយអ្វីដែលអាក្រក់អាចប្រែក្លាយជាល្អវិញផង។ ចំពោះការប្រកបការងារឃើញថាមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។
ជំនួញ ៖ មិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។
ស្នេហា ៖ កំលោះក្រមុំមានការជឿនលឿនទៅមុខយឺតៗតែងាយថយក្រោយណាស់។
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកមានទំនាក់ទំនងការងារឬចរចាអ្វីក៏តែងហុចផ្លែផ្កាជាផលនោះខ្ពស់ណាស់ផង។
ជំនួញ ៖ ទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃគ្រាន់ហូរចូលខ្លះៗអាចចិញ្ចឹមគ្រួសារផងដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ មានភាពស្រស់ស្រាយនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ។
ឆ្នាំមមី
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតែងជួបបញ្ហាមិនល្អយាយីនិងកើតរឿងរាវរកាំរកូសក៏ច្រើនចំពោះមុខ។
ជំនួញ ៖ ចូរប្រយ័ត្នប្រយែងជនខិលខូចនៅក្បែរខ្លួនពីព្រោះគេអាចមានបំណងមិនល្អចាំតែផ្តួលរំលំលោកអ្នកប៉ុណ្ណោះ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាណាមួយកើតឡើង។
ស្នេហា ៖ កំលោះក្រមុំត្រូវឃ្លាតពីគ្នាខ្លះ ហើយរកពេលវេលាបំពេញការងារទើបជាការប្រសើរបំផុត។
ឆ្នាំមមែ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកមុនធ្វើអ្វីឬចង់ធ្វើអ្វីគប្បីមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយ ពីព្រោះថាដួងរាសីកំពុងស្ថិតនៅក្នុងអំឡុងមានបញ្ហារង្គោះរង្គើមួយចំនួនយាយី ដូចនេះបើសម្រេចចិត្តត្រូវមិនថ្វីទេ ប៉ុន្តែបើសម្រេចចិត្តខុសនោះផលលំបាកក៏កើតមានច្រើនទៅតាមនោះដែរ។
ជំនួញ ៖ មិនថាជួញផ្លូវគោក ផ្លូវអាកាស ផ្លូវទឹកក្តីលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ ហើយបើឱ្យសល់ធំដុំនោះគ្មានឡើយ។
ស្នេហា ៖ កម្លោះក្រមុំ មេម៉ាយកើតការរកាំចិត្តចំពោះគ្នាច្រើន ។
ឆ្នាំវក
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកមានការជឿនលឿនច្រើនរឿងមិនថាជាកិច្ចការងារ បញ្ហាប្រាក់កាសឬសូម្បីតែរឿងបញ្ហាផ្ទាល់ខ្លួនក្តី។
ជំនួញ ៖ ទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកបផង។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ លោះក្រមុំបើទើបតែស្គាល់គ្នាហើយចង់ទំនាក់ទំនងតែងមានភាពជឿនលឿនទៅមុខគួរសម។
ឆ្នាំរកា
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងអំឡុងពេលនេះ បើទោះបីដំណើរជីវិតរបស់លោកអ្នកមិនឃើញមានអ្វីទទួលរងការប៉ះទង្គិចពិតមែន ប៉ុន្តែបញ្ហាដែលកើតឡើងមួយចំនួនគឺផ្តើមចេញមកតែពីខ្លួនអ្នកតែប៉ុណ្ណោះ។
ជំនួញ ៖ លោកអ្នកមិនគប្បីហក់លោតខ្លាំងពេកឡើយ ព្រោះផលចំណូលប្រមូលមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ ស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀត។ ការធ្វើដំណើរផ្លូវឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេបន្តិច។
ស្នេហា ៖ កំលោះក្រមុំកុំសូវលេងម៉េះម៉ោះច្រើននាំតែកើតជម្លោះវិវាទប៉ុណ្ណោះ។
ឆ្នាំច
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដោយសារដំណើរជីវិតជួបភាពរដិបរដុប ដូចនេះចូរប្រយ័ត្នការត្រូវរិះគន់ឬត្រូវគេថាស្តីបន្ទោសដោយប្រការណាមួយ។ ការប្រកបការងារមិនសូវមានការរីកលូតលាស់ទៅមុខប៉ុន្មានទេទាល់តែខិតខំខ្លាំងទើបអាចទទួលជោគជ័យធំៗមួយចំនួនទៅរួច។
ជំនួញ ៖ លោកអ្នកធ្វើអ្វីគួរធ្វើដោយសន្សឹមៗ កុំបំបោលប្រយ័ត្នដូចពាក្យចាស់ថា”កាន់តែលឿនកាន់តែខុស ហើយក្រែងមិនបានដូចសេចក្តីប្រាថ្នា” ។
ស្នេហា ៖ ប្រយ័ត្នភាពផ្អែមល្ហែមប្រែជាជូរចត់វិញព្រោះតែការប្រចែប្រច័ណ្ឌច្រើន។
ឆ្នាំកុរ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហេតុនេះយកល្អលោកអ្នកត្រូវចាត់ចែងការងារចាស់ឬឯកសារចាស់ៗសល់ពីមុនមកក៏ប្រសើរដែរ។
ជំនួញ ៖ មានការជឿនលឿនទៅមុខតិចតួចហើយប្រាក់ចំណូលទៀតសោតរកគ្រាន់បង្គ្រប់ក្រពះក៏សឹងថាយ៉ាប់ផង។ ការធ្វើដំណើរឆ្ងាយជិតតែងជួបនូវបញ្ហាឧបសគ្គរាំងស្ទះនិងជួបបញ្ហាលំបាកច្រើនជាងសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំ បើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អប៉ុន្មានទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕