កាលពីថ្ងៃចន្ទអ្នកនាំពាក្យក្រសួងសុខាភិបាលថៃបានមានប្រសាសន៍ថា ថៃមានករណីថ្មីនៃអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ២នាក់ និងស្លាប់ម្នាក់ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសកើនដល់ ៣០៤២នាក់ និងមានអ្នកស្លាប់សរុបចំនួន៥៧នាក់។
រូបតំណាង
គិតទល់ពេលនេះថៃមានអ្នកជាសះស្បើយសរុបនិងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យចំនួន ២៩២៨នាក់ និងមានអ្នកជំងឺកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៥៧នាក់។ អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា អ្នកស្លាប់ចុងក្រោយគឺជាស្ត្រីចំណាស់ម្នាក់អាយុ ៦៨ឆ្នាំ បានស្លាប់នៅខេត្ត Chumphon កាលពីថ្ងៃអាទិត្យ។ គាត់ធ្លាប់បានទាក់ទងជាមួយអ្នកជំងឺដែលបានបញ្ជាក់កាលពីលើកមុន ហើយគាត់ក៏មានជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម និងមានជំងឺលើសឈាមផងដែរ។
រូបតំណាង
វេជ្ជបណ្ឌិត Taweesilp បានមានប្រសាសន៍ថា អ្នកឆ្លងថ្មីទី១ គឺជាស្រីជនជាតិចិនដែលត្រូវជាភរិយារបស់បុរសជនជាតិអ៊ីតាលីដែលបានឆ្លងវីរុសនេះកាលពីលើកមុន។ ក្រុមគ្រួសាររបស់ពួកគេមានសមាជិក ៥នាក់ស្នាក់នៅលើកោះភូកេតកាលពីថ្ងៃទី៩ ខែមីនា ហើយបានបន្តស្នាក់នៅលើកោះនោះទៀតដោយសារតែការបិទច្រកប្រទេស។
រូបតំណាង
អ្នកជំងឺថ្មីម្នាក់ទៀតជាស្ត្រីម៉ាស្សា ជនជាតិថៃដែលទើបតែវិលត្រឡប់មកពីប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅខេត្ត Chon Buri ។ ក្រុមវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា អ្នកជំងឺថ្មីទាំង ២នាក់នេះបានឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃអាទិត្យ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post