គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេស ប៊ូរុនឌី (Burundi)គ្រោងប្រកាសលទ្ធផលបណ្តោះអាសន្ន ការបោះឆ្នោតប្រធានាធិបតីកាលពីសប្តាហ៍មុន ដោយក្នុងនោះ លេខាធិការរបស់អ្នកស្នងតំណែងប្រទេសនេះ គឺលោក Evariste Ndayishimiye បានត្រៀមខ្លួនជាស្រេចជាអ្នកឈ្នះការបោះឆ្នោត ។
សេចក្តីប្រកាសត្រូវបានកំណត់នៅវេលាម៉ោង២រសៀល (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី២៥ ខែឧសភា ។ លទ្ធផលផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ។
ប្រទេស ប៊ូរុនឌី បានបោះឆ្នោតកាលពីថ្ងៃទី២០ ខែឧសភា ជ្រើសរើសប្រធានាធិបតី, សមាជិកសភា និងមន្រ្តីមូលដ្ឋាន ។ ការស្ទង់មតិមួយបានកត់សម្គាល់ ការបោះឆ្នោតនេះ មានក្លែងបន្លំ និងធ្វើឡើងដោយការធ្វេសប្រហែលចំពោះជំងឺកូវីដ១៩ឆ្លងរាតត្បាត ។
ការបោះឆ្នោតនេះ បានកើតឡើងបន្ទាប់ពីរយៈពេល៥ឆ្នាំការបោះឆ្នោតលើកមុន ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំង ។ លោក Pierre Nkurunziza បានស្វះស្វែងរកការដឹកនាំអាណត្តិទី៣របស់ខ្លួន ហើយដែលបង្កឱ្យមានអំពើហិង្សាសម្លាប់មនុស្សយ៉ាងហោចណាស់ ១ ២០០ នាក់ និងជា ៤០០ ០០០ នាក់បានភៀសខ្លួន និងបានធ្វើឲ្យប្រទេសអតីតក្រោមអាណានិគមរបស់បែលហ្ស៊ិកមួយនេះ ធ្លាក់ក្នុងសភាពវឹកវរ រហូតមកដល់សព្វថ្ងៃ ។
លទ្ធផលមួយផ្នែកដែលបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបញ្ជាក់ថា លោក Evariste Ndayishimiye អាយុ ៥២ ឆ្នាំ ទទួលបានសំឡេងប្រមាណ ៨០ ភាគរយនៃសន្លឹកឆ្នោតសរុប ។ ប្រទេសនៅតំបន់អាហ្វ្រិកខាងកើតមួយនេះ មានពលរដ្ឋសរុបជាង១១លាននាក់ប៉ុណ្ណោះ ។
គណបក្សប្រឆាំងនៅក្នុងប្រទេសនេះ គឺក្រុមប្រឹក្សារំដោះជាតិ (CNL) បានស្រែកឡាំប៉ា ដោយអ្នកនាំពាក្យបានប្រកាសកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ថា ការបោះឆ្នោតនេះ មានការត្រៀមរៀបចំទុកមុនជាការស្រេច ។
មេដឹកនាំ CNL គឺលោក Agathon Rwasa ដែលបានទាក់ទាញហ្វូងមនុស្សយ៉ាងច្រើនក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនោះ ទទួលបានពិន្ទុប្រហែល ២០ ភាគរយ ខណៈបេក្ខជនទាំង៥នាក់ផ្សេងទៀតនៅសេសសល់ រួមបញ្ចូលគ្នាបានពិន្ទុប្រហែលមួយភាគរយប៉ុណ្ណោះ ។
កាលពីយុទ្ធនាការឃោសនារកសំឡេងគាំទ្រ គឺមានផ្ទុះនូវអំពើហិង្សាកើតឡើងជាហូរហែ ។ ប៉ុន្តែដល់ថ្ងៃបោះឆ្នោត អំពើហិង្សាហាក់ស្ងប់ស្ងាត់មិនបានកើតឡើងជាដុំកំភួននោះទេ។ យ៉ាងណាក៏ដោយ គណបក្សប្រឆាំង CNL បានប្រកាសថា មន្ត្រីរបស់ខ្លួនច្រើននាក់ត្រូវចាប់ខ្លួន និងយារយីធ្វើទុក្ខ ហើយការបោះឆ្នោតនេះពោរពេញដោយការកេងបន្លំផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat