អាជ្ញាធរអេស្ប៉ាញ បានព្រមានថា ការបន្ធូរបន្ថយច្បាប់បិទប្រទេស អាចនឹងមានដំណាក់កាលផ្សេងគ្នាទៅតាមស្ថានភាព នៃជំងឺឆ្លងកូវីដ១៩ នៅតាមតំបន់ផ្សេងៗគ្នា ហើយនៅពេលនេះ ដែរ អាជ្ញាធរបានបន្ធូរបន្ថយនូវការរឹតបន្ដឹងច្បាប់ប្រឆាំងនឹងវីរុសកូរ៉ូណា នៅទីក្រុងម៉ាឌ្រីដ និងបាសែឡូណា។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tass បានផ្សាយ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ថា អាជ្ញាធរអេស្ប៉ាញ បានបន្ធូរបន្ថយច្បាប់រឹតបន្ដឹង ប្រឆាំងនឹងកូវីដ១៩ ទៅលើក្រុងម៉ាឌ្រីដ និងបាសែឡូណា ចាប់ពីថ្ងៃទី២៥ ខែឧសភា ។ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងនេះ ក៏អាចនឹងជួបជុំមិត្ដភក្ដិ និងសាច់ញាតិបាន។ រីឯហាងកាហ្វេ និងរង្គសាលនានា នឹងអាចចាប់ផ្ដើមបើកដំណើរការឡើងវិញ។
បើគិតត្រឹមរសៀល ថ្ងៃទី២៥ ខែឧសភា នៅក្នុងប្រទេសអេស្ប៉ាញ មានអ្នកឆ្លងកូវីដ១៩ កើនឡើង ២៨២ ៨៥២នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ១៩៦ ៩៥៨នាក់ និងស្លាប់ ២៨ ៧៥២នាក់។ អេស្ប៉ាញ ឈរក្នុងលំដាប់លេខ៤ នៃប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេបំផុត នៅលើពិភពលោក៕