សួស្ដីអ្នកទាំងអស់គ្នា! ឥលូវសុខសប្បាយជាយ៉ាងណាដែរ? តើរស់នៅក្នុងស្ថានភាពកូវីដដូចនេះស្រួល ឬលំបាក? មានអារម្មណ៍ថាពិបាកសំរបខ្លួនជាមួយនឹងការផ្លាស់ប្តូរថ្មីៗ? ឬក៏អ្នកបានតាំងចិត្តទទួលស្គាល់ការផ្លាស់ប្តូរ ហើយបាន បង្កើតទំលាប់ថ្មីៗដើម្បីសំរបខ្លួន រកក្តីសុខក្នុងជីវិត ទោះត្រូវនៅផ្ទះច្រើនជាងមុន ហើយមិនសូវបានជួបមិត្តភក្តិឬសង្សារក៏ដោយ?
តើអ្នកពិបាកនឹងធ្វើឲ្យខ្លួនឈប់បារម្ភខ្លាចថាគ្រួសារ ឬខ្លួនអ្នកនឹងឆ្លងជំងឺមែនទេ? ឬក៏អ្នកបានតាំងចិត្តថានឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបង្ការមិនឲ្យរឿងហ្នឹងកើតឡើង ហើយបន្តរស់នៅដោយមានក្តីសុខទៅមុខទៀត?
និយាយឲ្យពិតមែនទៅ ក្នុងអំឡុងពេលចលាចលនេះ ស្មេរសប្បាយនឹងសង្កេតមើលពីរបៀបដែលមនុស្សយើងឆ្លើយតបនឹងស្ថានភាពថ្មីណាស់ រួមទាំងប្រតិកម្មរបស់ស្មេរខ្លួនឯងផងដែរ។ ហើយខ្ញុំបានសង្កេតឃើញថា មនុស្សយើងមានរបៀបឆ្លើយតបពីរប្រភេទខុសៗគ្នា សំរាប់ពេលកូវីដនេះ ក៏ដូចជាសំរាប់ពេលដែលយើងជួបបញ្ហាផ្សេងៗក្នុងជីវិតផងដែរ នោះគឺអ្នកខ្លះបាក់ស្បាត (helpless) ឯអ្នកខ្លះតស៊ូប្រយុទ្ធ (resilient)!
តើចរិតតស៊ូមានន័យថាម៉េច?
ការតស៊ូ (resilience) ជាចរិតមួយ ដែលជួយឲ្យអ្នកមានភាពក្លាហានអាចប្រឈមមុខនឹងបញ្ហា ការបរាជ័យ និងភាពឈឺចុកចាប់ (ទាំងផ្លូវកាយ និងផ្លូវចិត្ត) ម្តងហើយម្តងទៀត។
មនុស្សដែលមានការតស៊ូ គឺច៉ែមួយនៅក្នុងថ្នាក់អ្នក ដែលប្រឡងធ្លាក់ម្តងជាម្តង ទោះអន់ចិត្តប៉ុណ្ណា ក៏ចុងក្រោយមិនដែលបោះបង់ចោលការសិក្សាដែរ។ គាត់នៅតែខំរៀន ខំសូត្រ ខំសួរគេសួរឯង ដោយសារគាត់ដឹងថា ឲ្យតែបន្តខំអញ្ចឹង គង់តែមានថ្ងៃប្រឡងបានពិន្ទុល្អជាងមុនទេ!
មនុស្សដែលមានការតស៊ូគឺអ្នកដែលសុខចិត្តឲ្យខ្លួនឯងយំស្រែកពិបាកចិត្តមួយពេល ក្រោយពេលសង្សារសុំបែក។ តែពេលយំអស់ចិត្តហើយ នាយក៏យកដៃជូតទឹកភ្នែក ដោយសារគាត់ដឹងថា ក្រោយពេលភ្នែកយើងត្រូវបានលាងដោយទឹកភ្នែក យើងនឹងមើលឃើញពិភពលោកស្រស់ថ្លាជាងមុន គាត់ដឹងថា ប្រសិនបើគាត់រៀនពីកំហុសនៃស្នេហាលើកនេះ គាត់នឹងអាចមានស្នេហាលើកក្រោយដែលល្អជាងនេះ មិនសូវតុកសិចដល់ថ្នាក់នេះទៀតទេ។
មនុស្សដែលមានការតស៊ូ គឺជាអ្នកដែលអាចញញឹមក្រោយពេលគេដេញចេញពីការងារ ដោយសារគាត់ដឹងថា ឲ្យតែគាត់ប្រឹងស្វះស្វែង គាត់នឹងអាចរកបានការងារថ្មីមួយ ដែលអាចនឹងប្រសើរជាងការងារចាស់នេះទៀតផង!
និយាយឲ្យខ្លីទៅ អ្នកដែលតស៊ូមិនមែនថាជីវិតគាត់មិនជួបបញ្ហា ការឈឺចាប់ដូចអ្នកបាក់ស្បាតទេ គឺជួបស្មើតែគ្នាហ្នឹង។ គាត់ដឹងថាខ្លួនមិនមែនជាមនុស្សឆ្លាតជាងគេ ស្អាតជាងគេ មានទេពកោសល្យជាងគេ ឬចិត្តល្អជាងគេនោះទេ តែគាត់ដឹងច្បាស់ណាស់ថា ទោះមានអីកើតឡើងក៏ដោយ ទោះមេឃរលំ ភ្នំរលាយ គាត់គង់នឹងរកវិធីដោះស្រាយវាបាន អាចរៀនពីវាបាន ហើយប្រើប្រាស់វាឲ្យមានប្រយោជន៍នៅថ្ងៃអនាគតជាមិនខាន។
រូបភាពបានពី៖ គ្រីស្នាម៉ានី (Krishnaman)
សារៈសំខាន់នៃការតស៊ូ
ស្មេរសូមនិយាយម្តងហើយម្តងទៀតថា ចរិតតស៊ូនេះជាចរិតមួយដែលមានសារៈសំខាន់មែនទែនតែម្តង! មនុស្សម្នាក់ជោគជ័យឬមិនជោគជ័យ គឺមិនមែនដោយសារទេពកោសល្យគាត់សុទ្ធនោះទេ សំខាន់ជាងនេះទៅទៀតនោះគឺ ថាតើគាត់តស៊ូឬអត់!
គិតមើលទៅមើល មនុស្សយើងម្នាក់ៗមានកំណើតមកមានការចូលចិត្ត និងដុងខុសៗគ្នា។ អ្វីដែលរឹតតែមានឥទ្ធពលលើសមត្ថភាពយើងទៀតនោះគឺជីវិតគ្រួសារពេលយើងនៅតូច! ជាធម្មតាទេ មានអ្នកខ្លះកើតមកក្នុងគ្រួសារដែលមានចំណេះ មានលុយ មានការប្រដៅល្អ បានរៀនសាលាថ្លៃជាង ធ្វើឲ្យគាត់មានឱកាសរៀនសូត្រ អភិវឌ្ឍខ្លួនបានច្រើន ធ្វើឲ្យគាត់មានសមត្ថភាពខ្លាំងទាំងនៅក្មេង។
ឯអ្នកខ្លះកើតមកក្នុងគ្រួសារអវិជ្ជា ក្រ មិនមានឱកាសចូលសាលាល្អ មិនបានជួបជាមួយមនុស្សល្អ ធ្វើឲ្យគាត់មិនមានឱកាសបានអភិវឌ្ឍខ្លួន ហើយដល់ធំហើយក៏មិនសូវមានសមត្ថភាពខ្លាំងដូចអ្នកប្រភេទទីមួយដែរ។
អារឿងជីវិតគ្រួសារពេលយើងនៅតូចហ្នឹង យើងមិនអាចគ្រប់គ្រងវាបានទេ តែឥលូវយើងធំហើយ យើងអាចមានឱកាសក្តាប់ជីវិតយើងពីពេលនេះតទៅហើយ! ពិតណាស់ យើងមិនអាចបកក្រោយទៅផ្លាស់ប្តូរអតីតកាល តែយើងអាចចាប់ផ្តើមផ្លាស់ប្តូរបច្ចុប្បន្នកាល និងអនាគតកាលយើងបានពីពេលនេះតទៅ!
ឲ្យតែយើងខិតខំបន្តធ្វើ មិនបោះបង់ចោលក្តីស្រមៃ ទោះជាយើងភ្លើប៉ុណ្ណា ខ្វះទេពកោសល្យប៉ុណ្ណា មានបញ្ហាផ្លូវចិត្តច្រើនប៉ុណ្ណា គង់តែមានថ្ងៃណាយើងនឹងឆ្លាតជាងមុន មានទេពកោលសល្យជាងមុន និងមានបញ្ហាផ្លូវចិត្តតិចជាងមុនជាមិនខាន!
ហេតុអ្វីបានជាស្មេរហ៊ានអះអាងដល់ថ្នាក់នេះ? មកពីខ្ញុំផ្ទាល់ជាភុស្តតាងបញ្ជាក់ថាការតស៊ូពិតជាមានប្រសិទ្ធិភាពល្អពិតមែន! និយាយតាមត្រង់ទៅ ខ្ញុំកើតមកមិនមែនជាក្មេងឆ្លាតជាងគេ មានទេពកោសល្យអស្ចារ្យ ឬ ពូកែនិយាយពូកែចុះសំរុងជាមួយគេនោះទេ។
ខ្ញុំចាំច្បាស់ណាស់ថា នៅត្រឹមអាយុ ១៤ ឆ្នាំ ជាពេលដែលខ្ញុំចាប់ផ្តើមយល់ដឹងពីអារម្មណ៍ខ្លួនឯងច្រើនជាងមុន ហើយក៏ប្រទះឃើញថា ខ្លួនពិតជាគ្មានរបស់ទាំងអស់នោះមែន! កាលនោះខ្ញុំអត់មានជំនាញអីយកជាការបាននោះទេ ហើយក៏មិនពូកែនិយាយ មិនចេះមើលកាលៈទេសៈ មិនចេះយល់ពីមនុស្ស ហើយមិនយល់ពីការរាប់អានមិត្តភក្តិឲ្យបានជាប់លាប់នោះទេ។ ឯបញ្ហាផ្លូវចិត្តក៏មានច្រើនរាប់មិនចង់អស់ អត់មានភាពជឿជាក់លើខ្លួនឯង គិតថាខ្លួនឯងអន់ជាងគេ គិតថាខ្លួនឯងខ្លាំងជាងគេ មិនយល់ហើយក៏មិនចេះដោះស្រាយកំហឹងខ្លួនជាដើម ហើយសំខាន់កាលនោះគ្រួសារខ្ញុំក្រទៀតផង!
រូបភាពបានមកពី៖ លូកាណា (LOOKarna)
មកដល់ពេលនេះ ១០ ឆ្នាំបានកន្លងផុតទៅហើយ បកក្រោយទៅមើលនិងវិភាគពីជំនាន់ហ្នឹងវិញ ក៏ឃើញថាសំណាងខ្លាំងណាស់ ដែលទោះគ្មានអីក្នុងខ្លួន ក៏ខ្ញុំនៅមានចរិតមួយនោះគឺចរិតតស៊ូ ដោយសារខ្ញុំតែងជឿថា ឲ្យតែខ្ញុំខំប្រឹងស្រាវជ្រាវ និងអនុវត្ត គង់តែមានថ្ងៃដែលខ្ញុំអាចអភិវឌ្ឍខ្លួន សប្បាយចិត្តជាងមុន និងដោះស្រាយបញ្ហាទាំងអស់ហ្នឹងបានជាមិនខាន!
ដូច្នេះ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំតែងខំរកវិធីថ្មីៗដើម្បីចំរើនចំណេះ និងការយល់ដឹងពីខ្លួនឯង ខំរៀនបំណិនក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ រៀនភាសាផ្សេងៗ រៀនពីចិត្តវិទ្យា និងការពង្រឹងសុខភាពផ្លូវចិត្ត ដោយការអានវ៉ិបសាយ អានសៀវភៅ ស្តាប់វីដេអូ សួរគេសួរឯង ហើយសាកល្បងគ្រប់វិធីដែលគេបានលើកឡើងហ្នឹងឯង។
ឧទាហរណ៍ជាក់ស្តែងមួយគឺបំណិនសរសេរ។ ប្រសិនបើអ្នកធ្លាប់អានអត្ថបទមុនៗ ប្រហែលដឹងហើយថា ខ្ញុំគិតថាទឹកដៃខ្លួនផ្ទាល់បានត្រឹម ៦ ទៅ ៧ ពិន្ទុលើ ១០ ប៉ុណ្នោះ។ តែទោះបានតែប៉ុណ្ណឹងក៏ខ្ញុំមិនតូចចិត្តដែរ ព្រោះខ្ញុំដឹងច្បាស់ណាស់ថា ឲ្យតែបន្តសរសេរ បន្តអាន បន្តស្រាវជ្រាវ និងសាកល្បងវិធីសរសេរថ្មីៗ គង់មានថ្ងៃវាឡើងជាងហ្នឹងទេ!
ហេតុអីក៏ខ្ញុំជឿច្បាស់ក្នុងចិត្តយ៉ាងនេះ? គឺមកពីពេលដំបូងដែលខ្ញុំចាប់ផ្តើមរៀនសរសេរនៅលើប្លុក MsChengCorner ប្រហែល ៧ ឆ្នាំមុន ទឹកដៃខ្ញុំគឺត្រឹម ២ ទៅ ៣ ពុងតែប៉ុណ្ណោះ! តែកាលណោះក៏ខ្ញុំអត់តូចចិត្តច្រើនដែរ ដោយសារខ្ញុំដឹងថា ឲ្យតែហាត់សរសេរអត្ថបទថ្មីៗរហូតទៅ ទឹកដៃវានឹងឡើងតាមហ្នឹងហើយ…
ការពិតគឺត្រូវដូចមាត់ពិតមែន។ មកដល់ពេលនេះ ខ្ញុំបានសរសេរប្រហែល ៤០០ អត្ថបទហើយ ទឹកដៃក៏បានឡើងតាមហ្នឹងពិតមែន! ដូច្នេះបំណិនក្នុងការសរសេរនេះគឺខ្ញុំមិនមែនបានដោយ មានដុងពីកំណើត ឬឆ្លាតខាងហ្នឹងអីទេ ច្បាស់ណាស់គឺខ្ញុំបានដោយសារការតស៊ូបន្តសរសេរ អានសៀវភៅថ្មីៗ សាកល្បងស្ទីលសរសេរថ្មីៗជាច្រើនឆ្នាំនេះមក!
លើសពីនេះទៅទៀត ចរិតតស៊ូនេះមិនមែននាំឲ្យខ្ញុំមានតែបំណិនសរសេរមួយទេ វាបាននាំឲ្យខ្ញុំមានអារម្មណ៍ជឿជាក់លើខ្លួនឯង ការយល់ពីខ្លួនឯង បំណិនជីវិតទាំងអស់ទាំងការបង្រៀន ការបកប្រែ ការសរសេរ ការយល់ពីចិត្តវិទ្យា និងប្រាស្រ័យទាក់ទងគ្នាជាមួយអ្នកដទៃល្អ ហើយចំណេះដែលខ្ញុំចែកឲ្យអ្នកតាមវប្បធម៌នេះសុទ្ធតែជាផ្លែផ្កានៃការតស៊ូអាន ស្រាវជ្រាវ និងសាកល្បងសុទ្ធសាធតែម្តង! បើខ្ញុំចង់យល់ពីអីមួយហើយ គឺ ខ្ញុំមិនងាយបោះបង់ទេ នៅតែក្រាញននាលព្យាយាមស្វែងរកចំលើយ ទោះប៉ុន្មានខែ ប៉ុន្មានឆ្នាំក៏នៅតែស៊ូ!
រូបភាពបានមកពី៖ pinimg
ដោយសារបទពិសោធន៍ផ្ទាល់ខ្លួននេះឯង ទើបធ្វើឲ្យខ្ញុំជឿយ៉ាងច្បាស់ថា ចរិតតស៊ូ ជាចរិតដែលមានសារៈសំខាន់ខ្លាំងពិតប្រាកដមែន ដែលអាចជួយឲ្យយើងមានជីវិតដែលពោរពេញដោយក្តីសុខ និងជោគជ័យបាន! អ្នកអាចភ្លើ អ្នកអាចមានវិបត្តិផ្លូវចិត្តច្រើន អ្នកអាចនឹងអត់លុយ តែឲ្យតែអ្នកមានការតស៊ូ នោះអ្នកនឹងអាចលើកខ្លួនឯងចេញពីអណ្តូងទាំងនេះបានម្តងបន្តិចៗជាមិនខាន!
អញ្ចឹងធ្វើយ៉ាងណាទើបខ្ញុំអាចមានការតស៊ូជាងមុន?
សួរបានល្អ! ការតស៊ូគឺមិនមែនកើតមកមានប៉ុណ្ណា វានៅថេរត្រឹមប៉ុណ្ណឹងរហូតទេ។ គ្រប់ចរិតទាំងអស់របស់មនុស្សយើង គឺដូចជាសាច់ដុំអញ្ចឹង មនុស្សម្នាក់ៗកើតមកមានសាច់ដុំស្មើគ្នាទាំងអស់គ្នា គ្រាន់តែអ្នកខ្លះសាច់ដុំខ្សោយ ដោយសារគាត់មិនបានហាត់វា។ តែឲ្យតែយើងយកពេលហាត់វា នោះវានឹងរឹងប៉ឹងឡើងខ្លាំងម្តងបន្តិចៗជាមិនខាន។ ដូចគ្នាផងដែរ ឲ្យតែយើងយកពេលមកសិក្សា និងអនុវត្តចរិតយើង នោះវានឹងខ្លាំងទៅៗជាមិនខាន!
ដូច្នេះ មិនថាឥលូវអ្នកគ្មានការតស៊ូ ឬមានតិចតួចប៉ុណ្ណាទេ ឲ្យតែអ្នកបន្តអានកំរងអត្ថបទនេះ ហើយអនុវត្តតាមធីបដែលស្មេរឲ្យ អ្នកអាចហាត់សាច់ដុំតស៊ូ ឲ្យវារីកប៉ោងមានកំលាំងខ្លាំងជាងមុនជាមិនខាន!
ស្មេរបានសរសេរកំរងអត្ថបទតស៊ូនេះឡើង ដោយការបញ្ចូលគ្នារវាងចំណេះពីសៀវភៅ រៀនសុទិដ្ឋិនិយម និពន្ធដោយលោកម៉ាទីន សេលីកមេន (Learned Optimism by Martin Seligman) ក៏ដូចជា ប្លុក The Art of Manliness (សិល្បៈនៃភាពជាបុរស) និងបទពិសោធន៍ស្មេរផ្ទាល់! កំរងនេះនឹងបកស្រាយជាលំអិតពី ៥ ជំហានដែលអ្នកអាចធ្វើបាន ដើម្បីពង្រឹងការតស៊ូរបស់អ្នក! ជំហាននីមួយៗ នឹងក្លាយជាអត្ថបទមួយ!
អានកំរងអត្ថបទ «បង្កើនភាពជាអ្នកតស៊ូ» ទាំងអស់៖
1. ណែនាំពីការតស៊ូ តើការតស៊ូជាអ្វី?
2. អានុភាពនៃរបៀបបកស្រាយរបស់យើង៖ មិនមែនខ្ញុំ/ មិនជារហូត/ មិនគ្រប់រឿង ផ្ទុយនឹង ខ្ញុំ/ជារហូត/គ្រប់រឿង
3. ផ្តោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន៖ រៀនដោះស្រាយបញ្ហាដែលអ្នកអាចដោះបាន
4. ឲ្យតម្លៃខ្លួនលើចរិតខាងក្នុងជាជាងរបស់ខាងក្រៅខ្លួន
5. រៀនឈប់បារម្ភហួសហេតុពេក!
អត្ថបទទីពីរនឹងចេញប្រហែល ២ អាទិត្យក្រោយអត្ថបទនេះ! ត្រៀមខ្លួនក្លាយជាអ្នកប្រយុទ្ធតស៊ូក្នុងជីវិតហើយឬនៅ?
រូបភាពពីដើមអត្ថបទបានមកពី៖ CloserAndCloser