សៀមរាប៖ ក្រុមអភិរក្សសត្វព្រៃ បានប្រទះឃើញ ស្កាតូច នៅចម្ការពូជគ្រញូង ក្នុងខេត្តសៀមរាប ដែលជាដំណឹងល្អ សម្រាប់អ្នកទេសចរណ៍ ដែលស្រឡាញ់សត្វព្រៃ។ នេះបើយោងតាមការចុះផ្សាយដោយគម្រោងព្រៃលំហែកម្សាន្តធម្មជាតិ (Korea-Cambodia Natural Recreation Forest) នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ។
បើតាមការបញ្ជាក់បានឱ្យដឹងថា ស្កាតូច ជាប្រភេទស្កាដែលមានមាឌតូច ខ្លួនទាំងមូលមានសម្បុរត្នោតចាស់ រីឯក្បាលភាគច្រើនមានពណ៌ក្រហម ឬត្នោត។ រោមមានពណ៌ស និងខ្មៅឆ្លាស់គ្នាមួយៗ ជើងមានសម្បុរដូចខ្លួន ជួនកាលក្រម៉ៅជាង ហើយកន្ទុយមានប្រវែង ២/៣នៃដងខ្លួន ចំណែកឯសត្វញីមានដោះ ៣គូ។
ស្កាតូចចូលចិត្តរស់នៅតាមតំបន់ព្រៃល្បោះ មាត់ស្ទឹង និងទន្លេល្បែរភូមិ និងគេតែងតែឃើញវារត់កាត់ផ្លូវនៅពេលថ្ងៃ។ សត្វនេះរកចំណីទាំងយប់ទាំងថ្ងៃនៅលើដី ហើយកម្រឡើងដើមឈើណាស់។ ច្រមុះរបស់វាអាចស្រង់ក្លិនបានល្អ ហើយអាចតាមដានសត្វជាចំណីរហូតដល់រូង។ ចំណីរបស់វាមានដូចជា កណ្តុរ សត្វស្លាប កង្កែប ក្តាម សត្វល្អិត និងពស់វែក។ សត្វញីអាចកើតកូនបានពី ២-៤ក្បាល ហើយរយៈពេលពពោះគឺ ៦សប្តាហ៍។
សូមបញ្ជាក់ថា ស្កាតូច គឺស្ថិតក្នុងប្រភេទសត្វមានបង្គួរ និងមានចុះក្នុងបញ្ជីក្រហមរបស់អង្កការ IUCN (LC) ថា ជាប្រភេទរងគ្រោះថ្នាក់តិចតួច នៅលើភិភពលោក៕ ដោយ៖ តារា