ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani កាលពីថ្ងៃ ទី២៤ ខែឧសភា បានប្រកាស ដោះលែងអ្នកទោសតាលីបង់២ពាន់នាក់ ។ នេះជាសកម្មភាពដ៏ល្អ ក្នុងការឆ្ពោះទៅរកសន្តិភាព ក្រោយពេល ក្រុមតាលីបង់ស្នើបទឈប់បាញ់ក្នុងពិធីបុណ្យ Eid Al-Fitr។
នៅលើបណ្តាញសង្គម Twitter អ្នកនាំពាក្យប្រធានាធិបតី អាហ្វហ្គានីស្ថាន លោក Sediq Sediqqi បានបញ្ជាក់ថា ការសម្រេច ដោះលែងអ្នកទោសតាលីបង់ គឺដើម្បីធានាដល់សន្តិភាព ក្នុងប្រទេស។
ប្រធានាធិបតីអាហ្វហ្គានីស្ថាន បានបន្តទៀតថា រដ្ឋាភិបាន និងបន្តពិភាក្សាស្តីពីសន្តិភាពជាមួយក្រុមតាលីបង់ ក្រោយបទឈប់បាញ់ រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យ Eid Al-Fitr ដែលជាពិធីបុណ្យបញ្ចប់ខែហូបបួស Ramadan របស់សាសនិកអ៊ិស្លាម។
បើតាមកិច្ចព្រមព្រៀង សន្តិភាពដែលអាមេរិក និងក្រុមតាលីបង់បានចុះកិច្ចព្រមព្រៀង កាលពីខែកុម្ភៈ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងដោះលែងអ្នកទោសតាលីបង់ ៥ពាន់នាក់ ជាថ្នូរនឹងការដោះលែងកម្លាំងសន្តិសុខអាហ្វហ្គានិស្ថាន ១ពាន់នាក់ ដែលត្រូវក្រុមតាលីបង់ ចាប់ខ្លួន។
ការដោះដូរអ្នកទោស គឺជាសកម្មភាព ផ្ដល់ទំនុកចិត្តគ្នា ដើម្បីបន្តពិភាក្សា ស្វែងរកសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅរកការរីកចម្រើន។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអបអរសាទរដល់សកម្មភាពខាងលើរបស់ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមតាលីបង់ ។ បទឈប់បាញ់នឹងជួយឲ្យពលរដ្ឋមានភាពសប្បាយរីករាយពេញលេញ ក្នុងពិធីបុណ្យ Eid al-Fitr៕ ប្រែសម្រួលដោយ៖ MEO