ឧត្តរមានជ័យ៖ សត្វទន្សោងឈ្មោលមួយក្បាលបានស្លាប់បាត់បង់ជីវិត នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន្ត ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២០ នេះបើយោងតាមសេចក្តីរាយការណ៍របស់មន្ទីរបរិស្ថានខេត្ត។
បើតាមការបញ្ជាក់ពីរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានឱ្យដឹងថា សត្វទន្សោងឈ្មោលនោះ ដោយសារតែស្ថានភាពសុខភាពចុះខ្សោយខ្លាំង និងរបួសធ្ងន់ ដោយសារតែជាប់អន្ទាក់របស់ព្រានជាយូរថ្ងៃមកហើយ ទោះបីជាក្រុមជំនាញបសុសត្វ និងមន្ត្រីពាក់ព័ន្ធខិតខំព្យាយាមសង្គ្រោះយ៉ាងយកចិត្តទុកដាក់យ៉ាងណាក៏ដោយ។
លោកបន្តថា សត្វទន្សោង ដែលជាប់អន្ទាក់ព្រានព្រៃនោះត្រូវបានប្រទះឃើញនៅក្នុងភូមិសាស្រ្តចំណុចអូរថ្ម ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន ស្ថិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន និងបានទទួលការសង្គ្រោះបឋមមុននឹងសត្វទន្សោងនេះបានស្លាប់បាត់បង់ជីវិត។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានខាងលើ បន្តនិយាយថា សត្វទន្សោងមួយក្បាលដែលត្រូវបានជួយសង្គ្រោះនេះពិតជាគួរឱ្យអាណិតអាសូរខ្លាំងណាស់។ នៅលើមុខរបស់វា មានស្នាមហូរទឹកភ្នែកដែលទំនងជាអស់ក្តីសង្ឃឹម និងជឿថា ខ្លួនប្រាកដជាត្រូវបានព្រានព្រៃគ្មានក្តីមេត្តាសម្លាប់ជាមិនខាន។ ប៉ុន្តែទីបំផុតត្រូវបានជួយសង្គ្រោះរួចផុតពីក្រញ៉ាំដៃក្រុមព្រានព្រៃ តែអកុសល សត្វទន្សោងនេះនៅតែស្លាប់បាត់បង់ជីវិតគួរឱ្យសង្វេគបំផុត ដោយសារតែសុខភាពចុះខ្សោយខ្លាំង អត់ចំណីជាច្រើនថ្ងៃ និងឈឺស្នាមរបួសជាប់អន្ទាក់៕ ដោយ៖ តារា