ការជំនុំជម្រះក្តីពុករលួយរបស់ បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានដំណើរឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ តាមការកំណត់របស់តុលាការទីក្រុងហ្សេរុយសាឡឹម ។ លោក យ៉ាហ៊ូ ក្លាយជានាយករដ្ឋមន្រ្តីអ៊ីស្រាអែលដំបូងគេ ដែលប្រឈមមុខនឹងការកាត់ទោសព្រហ្មទណ្ឌ ។
លោក ណេតាន់យ៉ាហ៊ូ ត្រូវបង្ហាញខ្លួននៅក្នុងអង្គជំនុំជម្រះទោសរបស់តុលាការនេះ គឺមួយសប្តាហ៍បន្ទាប់ពីលោកបានស្បថចូលកាន់តំណែងជាប្រមុខរដ្ឋាភិបាលឯកភាពមួយ ក្នុងអាណត្តិទី ៥ ហើយដែលបានបញ្ចប់ភាពជាប់គាំងនយោបាយអស់រយៈពេលជាងមួយឆ្នាំ បន្ទាប់ពីមានការបោះឆ្នោតសារចុះសារឡើងរហូតដល់បីដងគ្មានអ្នកឈ្នះ-ចាញ់ ។
យោងតាមការផ្សាយរបស់ប្រភព aljazeera ថ្ងៃទី២៤ ខែឧសភាថា លោក ណេតាន់យ៉ាហ៊ូ ត្រូវបានចោទប្រកាន់ពីបទឆបោក រំលោភសេចក្តីទុកចិត្ត និងទទួលសំណូកនៅក្នុងករណីជាច្រើនផ្សេងគ្នា ។ លោក យ៉ាហ៊ូ ត្រូវបានគេចោទប្រកាន់ពីបទទទួលយកសំណូក និងប្រព្រឹត្តិអំពើពុករលួយ ។ ការចោទប្រកាន់ទាំងនេះត្រូវបានលោក យ៉ាហ៊ូ ច្រានចោល។
ប៉ុន្មានថ្ងៃមុននេះ តុលាការបានច្រានចោលសំណើរបស់លោក យ៉ាហ៊ូ ដែលសុំមិនបង្ហាញខ្លួននៅក្នុងសវនាការ ។ តុលាការថា ធ្វើបែបនេះ ស្របទៅតាមច្បាប់ព្រហ្មទណ្ឌរបស់អ៊ីស្រាអែល ដែលចែងថា តុលាការ មិនអាចបើកការជំនុំជម្រះក្តីទាក់ទងបទព្រហ្មទណ្ឌបានឡើយ បើគ្មានវត្តមានរបស់ជនចាប់ចោទ ។
សេចក្តីសម្រេចរបស់តុលាការអ៊ីស្រាអែលបែបនេះ បង្ហាញថា ការជំនុំជម្រះក្តីពាក់ព័ន្ធបទព្រហ្មទណ្ឌ ត្រូវតែធ្វើឡើងដោយស្របទៅតាមច្បាប់របស់ប្រទេស មិនថា បុគ្គលនោះមានសិទ្ធិអំណាចធំប៉ុណ្ណានោះទេ។
គួរជ្រាបថា ការជំនុំជម្រះក្តីលើលោកនេតាន់យ៉ាហ៊ូ ពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភលើសេចក្តីទុកចិត្ត ត្រូវបានគេគ្រោងធ្វើនៅខែមីនាកន្លងទៅ ក៏ប៉ុន្តែត្រូវបានប្រកាសលើកពេលទៅថ្ងៃអាទិត្យទី ២៤ ខែឧសភាវិញ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ អ្នកនាំពាក្យរបស់លោក យ៉ាហ៊ូ បានលើកឡើងដែរថា មេដឹកនាំអ៊ីស្រាអែល មិនចាំបាច់អី ត្រូវមានវត្តមានជាដាច់ខាតនៅក្នុងសវនាការលើកដំបូងនេះនោះទេ ពីព្រោះវាគ្រាន់តែជាការពិភាក្សាបច្ចេកទេស ដើម្បីពិនិត្យមើលឡើងវិញលើសំណុំរឿង និងកំណត់កាលវិភាគសម្រាប់សាក្សីតែប៉ុណ្ណោះ ។
លោក យ៉ាហ៊ូ មានវ័យ ៧០ ឆ្នាំ ជាអ្នកកាន់តំណែងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានយូរជាងគេ និងជាមេដឹកនាំដំបូងគេ ក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល ដែលត្រូវបានចោទប្រកាន់នៅក្នុងពេលកាន់តំណែងសង្ស័យពីបទស៊ីសំណូក និងប្រព្រឹត្តអំពើពុករលួយបែបនេះ ៕ ប្រែសម្រួលដោយ៖ thach yat