គិតមកត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ចំនួនអ្នកជំងឺកូវីដ១៩ (COVID-19) ទូទាំងពិភពលោក បានកើនឡើងជាង ៥,៣ លាននាក់ ។ ជាមួយនេះ អង្គការសុខភាពពិភពលោក(WHO)បញ្ជាក់ថា អាមេរិកខាងត្បូងជាចំណុចខ្លាំង ឆ្លងរាតត្បាតវីរុសថ្មី ។
ប្រភព World-Ometer ផ្សាយថា វីរុសកូវីដ១៩នេះ សម្លាប់មនុស្សជាង ៣៤០ពាន់នាក់ និងរាតត្បាតប្រទេសជាង២០០ជុំវិញពិភពលោក ។
អាមេរិកមានអ្នកឆ្លងកូវីដ១៩ច្រើនលើសគេ ជាង ១,៦ លាននាក់ ។ ប្រស៊ីល ឆ្លងលំដាប់ទីពីរ សរុប ជាង ៣៤ ម៉ឺននាក់ និងរុស្ស៊ី ឆ្លងជាង ៣៣ ម៉ឺននាក់ ។
អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា អាមេរិកខាងត្បូង នៅពេលបច្ចុប្បន្ននេះ ក្លាយជាចំណុចដែលវីរុសកូវីដ១៩ ឆ្លងរាតត្បាតខ្លាំងជាគេនៅលើពិភពលោក ។
ទាក់ទងនឹងបាតុភូតថ្មីៗនេះ អង្គការសុខភាពពិភពលោកប្រកាសថា អាមេរិកខាងត្បូង ឥឡូវក្លាយជាចំណុចកណ្តាលថ្មី នៃការឆ្លងរាតត្បាតជំងឺនេះ ។ មានជាង ៦៥០.០០០ ករណីត្រូវបានកត់ត្រា ក្នុងប្រទេសចំនួន ៣០ នៅអាមេរិកខាងត្បូង ។ ការឆ្លងនៅតំបន់នេះ មានប្រហែល ១២ ភាគរយ ក្នុងចំណោមអ្នកជំងឺកូវីដ១៩សរុបទូទាំងពិភពលោក ៕ ប្រែសម្រួលដោយ៖ thach yat