សោកស្តាយខ្លាំងណាស់! ដំរីវ័យចំនាស់មួយក្បាលរបស់កម្ពុជាឈ្មោះ “ប៉ាក់ម៉ៃ” បានស្លាប់បាត់បង់ជីវិតហើយ ដោយសារតែជំងឺ
យោងតាមការបញ្ចាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងមានការសោកស្តាយចំពោះការបាត់បង់សត្វដំរីឈ្មោះ «ប៉ាក់ម៉ៃ» ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២០។ ការបាត់បង់សត្វដំរីប៉ាក់ម៉ៃជាការបាត់បង់សត្វដំរីជាប្រភេទសត្វកម្រនៅកម្ពុជា។
នៅក្នុងប្រទេសកម្ពុជា ដំរីអាស៊ីមានចំនួនប្រមាណពី ៤០០ ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត ។ ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វាក្នុងសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)៕