មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការយោធារបស់គណបក្សពលករកូរ៉េ ( WPK) ដើម្បីពិភាក្សាបង្កើន «ការលុបបំបាត់សង្គ្រាមនុយក្លេអ៊ែរ» ។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ថា មេដឹកនាំគីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការយោធា ក្នុងនោះបានពិភាក្សាអំពីការបង្កើន «ការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ» មកលើប្រទេសកូរ៉េខាងជើង ។
មន្ត្រីយោធាជាន់ខ្ពស់សំខាន់ៗត្រូវបានចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់នេះ ក្រោមអធិបតីលោកគីម ជុងអ៊ុន ។ លោកគីម ជុងអ៊ុន ទើបតែបង្ហាញខ្លួនជាសាធារណៈ ក្រោយបាត់មុខមួយរយៈពេលកាលពីក្នុងខែមេសា ហើយដែលប្រភពខ្លះផ្សាយថា លោកមានបញ្ហាសុខភាពក្រោយវះកាត់ជំងឺ ។
តាមការចេញផ្សាយរបស់ប្រភព KCNA គ្រប់គ្រងដោយរដ្ឋកូរ៉េខាងជើងបញ្ជាក់ថា «នៅក្នុងកិច្ចប្រជុំពិភាក្សានោះ គឺមានដាក់ចេញគោលនយោបាយថ្មីសម្រាប់បង្កើនការទប់ស្កាត់សង្គ្រាមអាវុធនុយក្លេអ៊ែរប្រឆាំងមកលើកូរ៉េខាងជើង ។ ការពិភាក្សាដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធយុទ្ធសាស្ត្រឲ្យមានប្រតិបត្តិការប្រុងប្រយ័ត្នខ្ពស់ តាមតម្រូវការទូទៅ ដើម្បីកសាង និងការអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង» ។
ប្រភពនេះបន្ថែមថា “ជំហានសំខាន់ៗ” ត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំពិភាក្សានោះ ដើម្បី “បង្កើនសមត្ថភាពរបស់កងទ័ពកូរ៉េខាងជើង” ៕ ប្រែសម្រួលដោយ៖ thach yat