កាលពីថ្ងៃសៅរ៍រដ្ឋាភិបាលថៃបានរាយការណ៍ពីករណីថ្មីនៃអ្នកឆ្លងវីរុសកូវីដ-១៩ចំនួនបីនាក់ ដែលក្នុងនោះមានជនជាតិអ៊ីតាលីម្នាក់រស់នៅខេត្តភូកេត និងជនជាតិថៃចំនួនពីរនាក់ដែលបានវិលត្រឡប់មកពីបរទេសវិញ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសបានកើនឡើងដល់ ៣០៤០នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ។
វេជ្ជបណ្ឌិត Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពវីរុសកូវីដ-១៩ បានមានប្រសាសន៍ថា អ្នកជំងឺជនជាតិអ៊ីតាលីមានអាយុ ៤៩ឆ្នាំបានគេធ្វើតេស្តវិជ្ជមានកាលពីថ្ងៃសុក្រ។ មុនធ្លាក់ខ្លួនឈឺអ្នកជំងឺធ្លាប់ទៅកន្លែងដែលមានមនុស្សកុះករ។ ក្រុមឆ្លើយតបគ្រាអាសន្ននៃខេត្តភូកេតបាននិយាយថា គាត់ជាវិស្វករ ធ្លាប់ទៅធ្វើការនៅ Shanghai ហើយបានមកស្នាក់នៅសណ្ឋាគារមួយក្នុងស្រុក Talang កាលពីពាក់កណ្តាលខែមីនា។ គាត់និងកូនៗរបស់គាត់បានទៅមន្ទីរពេទ្យឯកជនមួយកន្លែងដើម្បីធ្វើតេស្តត្រៀមសម្រាប់ការវិលត្រឡប់ទៅប្រទេសចិនវិញ។ កូនៗរបស់គាត់ដែលមានអាយុ ១០ឆ្នាំ និង ១៥ឆ្នាំបានធ្វើតេស្តអវិជ្ជមាននៃវីរុសកូវីដ-១៩។
រូបតំណាង
លោកវេជ្ជបណ្ឌិត Panprapa បានមានប្រសាសន៍ថា អ្នកឆ្លងទីពីរជានិស្សិតប្រុសជនជាតិថៃអាយុ ២៤ឆ្នាំ ដែលបានវិលត្រឡប់មកពីប្រទេសអេហ្ស៊ីបវិញនៅថ្ងៃទី៨ ខែឧសភាហើយត្រូវបានដាក់ឱ្យនៅក្នុងមណ្ឌលដាច់ដោយឡែករបស់រដ្ឋនៅខេត្ត Chon Buri។ នៅថ្ងៃទី៩ ខែឧសភាគាត់ក្អកនិងរាគប៉ុន្តែការធ្វើតេស្តនៅពេលនោះគឺអវិជ្ជមាន។ ការធ្វើតេស្តម្តងទៀតនៅថ្ងៃទី២០ ខែឧសភាបានបង្ហាញថាគាត់បានឆ្លងវីរុសនេះ។ អ្នកជំងឺទី៣ គឺជាបុគ្គលិកស្ប៉ាម្នាក់ មានអាយុ ៤៣ឆ្នាំ ភេទស្រី ហើយនាងបានវិលត្រឡប់មកពីប្រទេសឥណ្ឌាវិញនៅថ្ងៃទី១៧ ខែឧសភា ហើយត្រូវដាក់ឱ្យនៅដាច់ដោយឡែករបស់រដ្ឋនៅខេត្តChon Buri។ នៅថ្ងៃទី៩ ខែឧសភានាងចាប់ផ្តើមមានអាការគ្រុនក្តៅ ក្អក និងឈឺក្បាល ហើយបានធ្វើតេស្តវិជ្ជមានកូវីដ-១៩នៅថ្ងៃទី២១ ឧសភា។ វេជ្ជបណ្ឌិត Panprapa បានបញ្ជាក់ថា មានអ្នកជំងឺចំនួន ៦ នាក់ថ្មីបានជាសះស្បើយ និងមិនមានអ្នកស្លាប់ថ្មីទេដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅតែរក្សាចំនួន ៥៦នាក់ដដែល។ មកទល់ថ្ងៃនេះមានតែអ្នកជំងឺ ៦៨នាក់ប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
នៅភូកេតមានមនុស្ស ២០៩នាក់បានជាសះស្បើយនិងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ហើយមាន ៣នាក់បានស្លាប់និង ១៤ នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post