![](https://kh.tnaot.com/wp-content/uploads/2020/08/740d3a66d8a011eaba5b5185d252a44c.jpg)
ក្រុមប្រឹក្សាប្រដាល់ពិភពលោកបានផ្តល់រង្វាន់ដល់គូស្វាមីភរិយាដែលបានឆ្លងវីរុសកូវីដ-១៩ និងវេជ្ជបណ្ឌិតដែលមើលថែជំងឺរបស់ពួកគេសម្រាប់ការជួយលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនិងគ្រោះថ្នាក់នៃវីរុសរបស់ដ៏កាចសាហាវមួយនេះ។
កាលពីរសៀលថ្ងៃសៅរ៍ការិយាល័យ WBC Asia នៅទីក្រុងបាងកកបានប្រគល់ពានរង្វាន់ វីរបុរសនៃមនុស្សជាតិជូនលោក Matthew Deane Chanthavanij និងភរិយាឈ្មោះ Lydia Sarunrat រួមទាំងលោកវេជ្ជបណ្ឌិត Wichai Techasathit ជាប្រធានក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ Bumrungrad ។ លោក Matthew ត្រូវបានគេជ្រើសរើសដើម្បីផ្សព្វផ្សាយជាសាធារណៈអំពីការឆ្លងវីរុសកូវីដ-១៩ របស់គាត់ ព្រោះតែអាជ្ញាធរនៅតាមតំបន់ខ្លះនៅតែមិនសូវយកចិត្តទុកដាក់ចំពោះហានិភ័យនៃការប្រឈមនឹងវីរុសនេះ។ លោក Matthew ជាតារាសម្តែង អ្នកស្នេហាវិស័យប្រដាល់ ម្ចាស់ក្លិបប្រដាល់ New Lumpinee ជាពិធីករនៅក្នុងការប្រកួតប្រដាល់នៅពហុកីឡដ្ឋានប្រដាល់កាលពីថ្ងៃទី៦ ខែមីនា ដែលមានមនុស្សចំនួន ៤០០០នាក់បានចូលរួម។ មួយសប្តាហ៍ក្រោយមកពីការធ្វើជាពិធីករនៅពហុកីឡដ្ឋានលោក Matthew បានបង្ហោះសារនៅលើគណនី Instagram របស់គាត់អំពីលទ្ធផលតេស្តវីរុសកូវីដ-១៩ដែលចេញដោយមន្ទីរពេទ្យឯកជនមួយនៅថ្ងៃទី១៣ ខែមីនា។
រូបតំណាង
អាជ្ញាធរមួយចំនួនមានប្រតិកម្មយ៉ាងខ្លាំងហើយបានព្រមានដល់លោក Matthew ថានឹងចាត់ការទៅតាមផ្លូវច្បាប់ប្រសិនបើអ្វីដែលគាត់បានបង្ហោះនោះមិនពិត និងបង្កឱ្យមានការភិតភ័យដល់សាធារណជន។ ប៉ុន្តែវាជាការពិត ព្រោះភរិយារបស់គាត់ដែលជាតារាសម្តែងអ្នកនាង Lydia ក៏បានឆ្លងជំងឺនេះដែរហើយប្តីប្រពន្ធមួយគូនេះបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរយៈពេល ៣០ថ្ងៃមុនពេលជាសះស្បើយ។ អ្នកទាំងពីរបានចែករំលែកពីបទពិសោធន៍នៃការឆ្លងមេរោគនៅក្នុងវីដេអូដែលបានបង្ហោះលើគណនី instagram ។
រូបតំណាង
លោក Kowit Phakdiphum ប្រធាន WBC នៅអាស៊ី និងជាអនុប្រធាន WBCពិភពលោកបាននិយាយថាលោក Mauricio Sulaiman ប្រធានWBCពិភពលោកបានស្នើឱ្យគាត់ប្រគល់រង្វាន់ដល់ប្តីប្រពន្ធមួយគូនេះនិងវេជ្ជបណ្ឌិតមើលថែជំងឺរបស់ពួកគេ។ គួរបញ្ជាក់ផងដែរថាលោក Matthew និងភរិយា Lydia បានចែករំលែកដល់ប្រជាជនអំពីហានិភ័យនិងការលើកទឹកចិត្តពួកគេដើម្បីថែរក្សាខ្លួនឯងឱ្យបានច្រើនជាងមុន» ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post