ធម្មតាជីវិតជាប្ដីប្រពន្ធតែជួបរឿងរ៉ាវជីវិតគ្រប់រសជាតិទាំងផ្អែមល្វីងជូរចត់ ហើយមិនខុសអីពីចានក្នុងរាវឬអណ្ដាតនិងធ្មេញដែលតែងប៉ះទង្គិចគ្នាតិចឬច្រើន។
ថ្ងៃនេះ Anarchak សូមប្រែសម្រួលជូនប្រិយមិត្តនូវរឿងដ៏រំជួលចិត្តមួយ ដែលអាចហើយអាចឱ្យអ្នកយល់កាន់តែច្បាស់ពីទំហំនៃក្ដីស្រឡាញ់ជាប្ដីប្រពន្ធ។
ដំណើររឿង៖ មានគ្រួសារមួយមានសមាជិក ៣ នាក់ គឺប្ដីប្រពន្ធនិងកូនប្រុសតូចម្នាក់។ ថ្ងៃមួយបុរសជាប្ដីស្រាប់តែសារភាពប្រាប់ប្រពន្ធត្រង់ៗថា គាត់ចង់សុំលែងលះព្រោះគាត់រកឃើញនារីថ្មីដែលគាត់ពេញចិត្ត។
ស្ដ្រីជាប្រពន្ធឮហើយស្រងាកចិត្តជាខ្លាំង តែនាងបានរក្សាជំហរនិងតបវិញថា៖ “អូនព្រម តែអូនសូមបងរឿងមួយ! សូមបងទុកពេលនៅជាមួយអូនមួយខែទៀត និងត្រូវបីអូនចុះពីលើគ្រែរៀងរាល់ព្រឹក! នៅចុងខែអូននឹងព្រមលែងលះជាមួយបង!”
បុរសជាប្ដីបានយល់ព្រម ហើយបានសង្កត់ធ្ងន់ថា បើទោះ៖ “បើទោះបងព្រមបីអូនមែន តែបងលែងស្រឡាញ់អូនហើយ។ ត្រូវចាំថា ដល់ខែក្រោយយើងលែងគ្នាហើយ!”
ក្នុងរយៈពេលមួយខែនោះ បុរសជាប្ដីក៏បីប្រពន្ធចុះពីគ្រែជារៀងរាលព្រឹក ហើយពីមួយថ្ងៃទៅមួយថ្ងៃ គាត់បែរជាមានអារម្មណ៍ថាប្រពន្ធខ្លួនកាន់តែស្អាត និងកាន់តែមានអារម្មណ៍ស្និទ្ធស្នាលនិងនាងជាងមុន។
លុះដល់ចុងខែគាត់បែរជាប្រែចិត្តលែងចង់លែងលះ ហើយបានទូរស័ព្ទទៅស្រីស្នេហ៍គាត់នោះថាគាត់មិនលែងប្រពន្ធគាត់ទេ ហើយក៏បែកនឹងនាង។ បន្ទាប់មកគាត់ក៏ទៅទិញផ្កាស្ងាត់ៗជូនប្រពន្ធគាត់ទៀត។
ក៏ប៉ុន្តែពេលមកដល់ផ្ទះវិញ ស្រាប់តែកូនប្រុសគាត់ស្ទុះទៅប្រាប់គាត់ថា ម៉ាក់កំពុងមានបញ្ហា។ ពេលគាត់ចូលទៅបន្ទប់មើលស្រាប់តែឃើញប្រពន្ធគាត់បានដាច់ខ្យល់លាចាកលោកទៅហើយ ដោយដៃមានកាន់សំបុត្រមួយច្បាប់៖
” បងប្រហែលមិនដឹងថាអូនបានស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជម្ងឺមហារីកក្នុងរយៈពេល ៦ ខែមកនេះ។ អរគុណបងដែលបានបីអូនចុះពីលើគ្រែរយៈពេលមួយខែចុងក្រោយនេះ។ អូនធ្វើដូចនេះក៏ដើម្បីមិនចង់ឱ្យកូនប្រុសយើងមើលឃើញបងជាស្វាមីឬឪពុកមិនល្អ នៅពេលដែលបងទៅរស់នៅជាមួយស្រីថ្មី។ អូនមិនប្រកាន់ខឹងនឹងបងទេ។ អូនសប្បាយចិត្តណាស់ពេញមួយខែនេ។ ចឹងបងគួរតែសប្បាយចិត្តដែរ។
គ្រាន់តែអានចប់ ទឹកភ្នែករបស់បុរសជាប្ដីរមៀលមកស្ទើរគ្មានទីបំផុត ដោយនឹកស្ដាយទង្វើមិនគប្បីរបស់ខ្លួនចំពោះប្រពន្ធ។ តែនាងនៅតែមិនយកទោសពៃរ៍ ហើយថែមទាំងផ្ដល់ឱកាសឱ្យគាត់ធ្វើជាគម្រូល្អដល់កូនទៀត។
តម្លៃអប់រំ៖ រឿងនេះចង់បង្ហាញឱ្យដឹងថា គ្មានក្ដីស្រឡាញ់ឯណាធំជាងក្ដីស្រឡាញ់របស់ភរិយាចំពោះស្វាមី និងម្ដាយចំពោះកូនឡើយ។ ហេតុនេះ បុរសជាស្វាមីគប្បីយល់រឿងនេះឱ្យច្បាស់ និងមិនត្រូវឱ្យពេលវេលារំលងទៅដោយឥតន័យ ឬធ្វើឱ្យនាងឈឺចាប់ឡើយដរាបណាអ្នកមានឱកាសនៅក្បែរនាង៕