ក្លិប Bayern Munich ត្រូវបានគេរាយការណ៍ថា មិនមានគម្រោងទិញខ្សែបម្រើ Philippe Coutinho ពីក្លិប Barcelona ជាអចិន្ត្រៃយ៍នោះទេនៅរដូវក្តៅនេះ។ ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានក្លិប Bayern ខ្ចីជើងយកមកលេងមួយរដូវកាល ហើយនឹងវិលត្រឡប់ទៅក្លិប Barcelona វិញក្រោយបញ្ចប់រដូវកាលនេះ។
ប្រធានក្លិប Bayern លោក Karl-Heinz Rummenigge ហាក់មិនចាប់អារម្មណ៍ក្នុងការទិញ Coutinho ដែលនៅសល់កុងត្រាជាមួយក្លិប Barcelona រហូតដល់ឆ្នាំ២០២៣ ក្នុងតម្លៃ ១២០ លានផោននោះទេ។
លោក Rummenigge បានប្រាប់កាសែតអាល្លឺម៉ង់ Der Spiegel ថា៖ “លក្ខខណ្ឌខ្ចីជើង Coutinho ជាមួយនឹងយើងបានផុតហើយ យើងគ្មានគម្រោងបន្តវាទៀតទេ។ យើងកំពុងផ្តោតលើការរៀបចំក្រុមឱ្យបានល្អនៅរដូវកាលក្រោយ ហើយយើងមិនដឹងថា Coutinho នឹងស្ថិតនៅជាមួយយើងតទៅទៀតឬអត់ទេ”។
យ៉ាងណាមិញ ក្លិប Bayern កំពុងផ្តោតលើការទិញខ្សែប្រយុទ្ធ Kai Havertz ពីក្លិប Bayer Leverkusen និងខ្សែបម្រើ Leroy Sane ពីក្លិប Manchester City នៅរដូវក្តៅនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore