ភ្នំពេញ៖ រកឃើញសំបុកកន្ធាយក្បាលកង្កែប ចំនួន ៤៩ សំបុក ដែលមាន ១.៧៥៦ពង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) ក្នុងឱកាសទិវាអណ្ដើកពិភពលោក នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើបានបញ្ជាក់ថា ទោះបីជាចំនួននេះកើនលើសឆ្នាំ២០១៩ តែ ២សំបុកក្តី ប៉ុន្តែបើគិតជាចំនួនពងសរុបប្រចាំឆ្នាំ គឺមានការកើនឡើងបើធៀបនឹង ៣ឆ្នាំកន្លងមក។ គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២០ មានកូនកន្ធាយក្បាលកង្កែបសរុបចំនួន ៨២៤កូន បានញាស់ចេញពីសំបុកចំនួន ៤១សំបុក ដែលក្នុងនោះកូនកន្ធាយ ចំនួន ៦៥៧ ត្រូវបានលែងចូលក្នុងទីជម្រកធម្មជាតិវិញ ចំណែកឯកូនកន្ធាយដែលនៅសល់ ក្រុមការងារកំពុងមើលថែទាំ និងគ្រោងលែងចូលក្នុងទីជម្រកធម្មជាតិវិញក្នុងពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់ថា កន្ធាយក្បាលកង្កែប ឬល្មិច ដែលមានឈ្មោះវិទ្យាសាស្ត្រថា Pelochelys cantorii ត្រូវបានចាត់ចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុត។ វានៅមានចំនួនតិចតួចប៉ុណ្ណោះក្នុងប្រទេសឡាវ និងប្រទេសមួយចំនួនទៀត និងវាទំនងជាបានផុតពូជហើយនៅតាមអតីតទីជម្រកដែលវាធ្លាប់រស់នៅភាគច្រើនក្នុងប្រទេសវៀតណាម និងថៃ ដោយសារមានការលួចចាប់ និងធ្វើពាណិជ្ជកម្ម រួមទាំងសកម្មភាពខុសច្បាប់ក្នុងការប្រមូលយកពងរបស់យកទៅលក់ ឬធ្វើជាអាហារ។
ចំណែកឯនៅកម្ពុជា អ្នកវិទ្យាសាស្ត្រមិនបានរកឃើញវត្តមានប្រភេទកន្ធាយនេះទេក្នុងចន្លោះពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧។ ក៏ប៉ុន្តែ ក្នុងឆ្នាំ២០០៧ អង្គការអភិរក្សអន្តរជាតិ (CI) បានរកឃើញវត្តមានកន្ធាយនេះនៅក្នុងទន្លេមេគង្គ ចន្លោះពីខេត្តក្រចេះ ដល់ស្ទឹងត្រែង។ អង្គការអភិរក្សអន្តរជាតិ (CI) បានធ្វើការជាមួយរដ្ឋបាលជលផលការពារប្រភេទកន្ធាយនេះ រហូតដល់ឆ្នាំ២០១៧ ទើបប្រគល់គម្រោងនេះឱ្យទៅអង្គការ WCS គ្រប់គ្រងបន្ត។ ចាប់តាំងពីពេលនោះមក អង្គការ WCS និងរដ្ឋបាលជលផល បាន និងកំពុងធ្វើការអភិរក្សប្រភេទសត្វនេះ តាមរយៈការទប់ស្កាត់រាល់ សកម្មភាពខុសច្បាប់ទាក់ទងនឹងការចាប់ និងការធ្វើពាណិជ្ជកម្មប្រភេទកន្ធាយក្បាលកង្កែបនេះ កម្មវិធីការពារសំបុកនៅតាមសហគមន៍ និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍ និងសហគមន៍នេសាទ៕ ដោយ៖ តារា