![](https://kh.tnaot.com/wp-content/uploads/2020/08/5f5f23ead8a011eaba5b5185d252a44c.jpg)
មូលនិធិ ១០០០ រៀល ឆ្ពោះទៅកាន់ព្រឹត្តការណ៍ល្ខោនខោលដ៏អស្ចារ្យឆ្នាំ ២០២០ នៅតែបន្តខណៈសម្ភារៈត្រូវសម្ដែងកំពុងខ្វះខាត
ក្រុមការងារល្ខោនខោលកំពុងតែស្វះស្វែង រ៉ៃអង្គាសប្រាក់ក្នុងមូលនិធិ ១០០០ រៀលក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រល្ខោនខោលខ្មែរ ក្នុងកម្មវិធីទិវាបេតិកភណ្ឌលើកទី៥ ក្រោមប្រធានបទ « ល្ខោនខោលមរតកជាតិខ្មែរ»។ ក្នុងគោលបំណង៖ – ដើម្បីអបអរសាទរខួប២ឆ្នាំល្ខោនខោលខ្មែរ – អបអរសាទរខួប៤ឆ្នាំចាប៉ីដងវែងខ្មែរ – អបអរសាទរខួប១៥ឆ្នាំល្ខោនស្រមោលស្បែកធំ – អបអរសាទរខួប១៧ឆ្នាំរបាំព្រះរាជទ្រព្យ ចូលជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិដោយអង្គការ UNESCO ។ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យត្រៀមប្រព្រឹត្តឡើងនាថ្ងៃទី ២៨-២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះ។
បើតាមលោក ស៊ុប ស័ក្ខរា ជាស្ថាបនិកនឹងជាអ្នករៀបចំព្រឹត្តិការណ៍ល្ខោនខោលនេះឡើង បានថ្លែងប្រាប់ TNAOT APP ថា តាមគម្រោងព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏ធំនេះ គ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកាចុងឆ្នាំ២០២០នេះ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាទើបព្រឹត្តិការណ៍សម្ដែងល្ខោនខោលត្រូវពន្យាពេលសម្តែងនៅឆ្នាំក្រោយ ប៉ុន្តែប្រសិនបើស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាអាចមានភាពប្រសើរឡើងវិញនោះ ក្រុមការងារនឹងរៀបចំកម្មវិធីសម្តែងតូចមួយនៅចំថ្ងៃខែដែលបានកំណត់ទុក ហើយសម្រាប់ការពន្យាពេលការសម្តែងដ៏ធំរបស់នឹងត្រៀមប្រព្រឹត្តឡើងនាឆ្នាំ ២០២១។
លោកបានបន្ថែមទៀតថា មូលនិធិ ១០០០ រៀល ឆ្ពោះទៅកាន់ល្ខោនខោលដ៏អស្ចារ្យឆ្នាំ ២០២០ នៅតែបន្តសម្រាប់មហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រល្ខោនខោលខ្មែរដ៏អស្ចារ្យ ខណៈសម្ភារៈដែលត្រូវសម្ដែងកំពុងមានការខ្វះខាត មានដូចជាឈុតមេទ័ពស្វា ឈុតយក្សនិងសម្ភារៈជាច្រើនផ្សេងទៀតដែលត្រូវសម្ដែង៕