អាមេរិក បានស្នើឲ្យបើកការស្រាវជ្រាវដោយឯករាជ្យ ទាំងស្រុង និងកែទម្រង់អង្គការសុខភាពពិភពលោក (WHO) ជាបន្ទាន់ ក្នុងពេលនេះតែម្តង ដោយមិនរង់ចាំឡើយ។ កន្លងមក ប្រធាន WHO បានប្រកាសថា WHOនឹងស្រាវជ្រាវ ហើយកែទម្រង់ ក្រោយបញ្ចប់ការឆ្លងរាលដាលកូវីដ១៩។
សារព័ត៌មាន CNA បានផ្សាយថា កាលពីថ្ងៃទី២២ ខែឧសភា អាមេរិក បានស្នើដល់អង្គការសុខភាពពិភពលោក (WHO) ឲ្យស្រាវជ្រាវជាបន្ទាន់ ស្តីអំពីប្រភព នៃកូវីដ១៩។ កាលពីថ្ងៃទី២២ ខែឧសភា គណ:កម្មការដឹកនាំ WHO មានសមាជិក ៣៤រូប ក្នុងនោះមានអាមេរិក បានបើកកិច្ចប្រជុំ រយៈពេល៣ម៉ោង។ មន្ត្រីអាមេរិកប្រចាំនៅអង្គការសុខភាពពិភពលោក បានលើកឡើងថា អាមេរិកមិនចង់ចំណាយពេលវេលាឥតប្រយោជន៍ទៀតឡើយ គឺត្រូវតែកែប្រែជាបន្ទាន់ ដោយមិនអាចរង់ចាំទៀតឡើយ។
នៅក្នុងលិខិតផ្ញើទៅកាន់អគ្គនាយក WHO លោក Tedros កាលពីដើមសប្តាហ៍ ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានដកអាមេរិក ចេញពីអង្គការ WHO និងផ្តាច់ជំនួយជារៀងរហូត បើមិនកែទម្រង់ ក្នុងរយៈពេល ៣០ថ្ងៃនោះទេ។
លោក Giroir មន្ត្រីអាមេរិកប្រចាំនៅអង្គការ WHO បានបញ្ជាក់ កាលពីថ្ងៃទី២២ ខែឧសភាថា «យើងត្រូវការស្រាវជ្រាវដោយតម្លាភាពទាំងស្រុង ដោយមានការចូលរួមពីប្រទេសជាសមាជិក។ លោកបានស្នើឲ្យបើកការស្រាវជ្រាវជាបន្ទាន់ នៅពេលនេះ៕ ប្រែសម្រួលដោយ៖ MEO