ដូចដែលប្រិយមិត្តបានទទួលជ្រាបរួចមកហើយ កន្លងមកតាមបណ្តាសារព័ត៍មានមួយចំនួន ដែលបានចុះផ្សាយមិនច្បាស់លាស់ និងមិនពិតអំពីតារាចម្រៀងជើងចាស់លោក ណយ វណ្ណេត ធ្លាក់ខ្លួនធ្វើកម្មករសំណង់។
ជាក់ស្តែងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក អ៊ឹម ជីវ៉ា បានទៅធ្វើបទសម្ភាសលោក ណយ វណ្តេត ដល់គេហដ្ឋានដើម្បីស្រាយបំភ្លឺឲ្យមហាជនបានដឹង ជុំវិញរឿងរ៉ាវខាងលើតារាចម្រៀងល្បីឈ្មោះរូបនេះ ធ្វើការបដិសេដទាំងស្រុងរាល់ពត៌មានក្លែងក្លាយ។
នេះបើយោងតាមផេកផ្លូវការរបស់លោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា ការពិតលោក ណយ វណ្ណេត មិនបានធ្លាក់ខ្លួនធ្វើកម្មករសំណង់ដូចគេយកមកផុសឬយកមកផ្សាយឡើយ គឺពេលនេះលោក កំពុងរស់នៅយ៉ាងមានក្តីសុខ ជាមួយក្រុមគ្រួសារ និងកូនដែលមានផ្ទះរហូតដល់បី ទីមួយវីឡាកូនកាត់នៅខាងត្បូង វត្តជំពូកក្អែក និងវិឡារទី២គឺនៅខាងមុខវត្តនិរោធ និងផ្ទះល្វែងទី៣ នៅវាលស្បូវ និងមានដីជាច្រើនកន្លែងនៅខេត្តកំពង់ស្ពឺ ។
កន្លងមកអ្វីដែលបងប្អូនឃើញតារាចម្រៀងជើងរូបនេះ បង្ហោះធ្វើសំណង់នោះគឺគាត់ជួយធ្វើដំបូលផ្ទះខាងលើអោយកូនគាត់ដោយសារគាត់ខ្ចិលជួលជាងនាំអស់លុយច្រើន ព្រោះគាត់ចេះផ្នែកសាងសង់ដែរ គឺគាត់អាចធ្វើបាន ផ្ទះដែលគាត់ធ្វើនោះគឺធ្វើទុកអោយកូនគាត់រស់នៅ ហើយពេលនេះលោក ណយ វណ្ណេត មានជីវភាពធូធាមិនខ្វះខាត មិនធ្វើជាកម្មករសំណង់ដូចគេនិយាយឡើយ។
សូមបញ្ជាក់ដែរថា ណយ វណ្ណេត មានកូន៥នាក់ គាត់ចូលនៅឆ្នាំ១៩៨៦ ហើយល្បីល្បាញក្នុងឆ្នាំ១៩៩០ ទីលំនៅបច្ចុប្បន្នមាន៣កន្លែង ហើយទីលំនៅដែលបងប្រុសនៅជាអាចិនត្រៃ គឺនៅភូមិជំពូកក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕ ដោយ៖ លក្ខិណា