នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នេះកម្លាំងចម្រុះរដ្ឋបាលក្រុងព្រះសីហនុ បានចុះរៀបចំសណ្តាប់ធ្នាប់ និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋលក់ដូរគ្មានសណ្តាប់ធ្នាប់ នៅលើចំណីផ្លូវម្តុំអូរ២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ការចុះប្រតិបត្តិការនេះរដ្ឋបាលក្រុង មានបំណងមិនចង់ឱ្យមានការប៉ះពាល់ទៅដល់ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានក្នុងតំបន់ឡើយ ដោយមិនអនុញ្ញាតឱ្យអ្នកលក់ដូរតាំងស្តង់ ឬ ទុកសម្ភារចោលលើចំណីផ្លូវនោះទេ ដូច្នេះក្រុមការងារក៏បានដកហូតសម្ភារមួយចំនួនដែលទុកចោល និងយកមករក្សាទុកនៅសាលាក្រុងព្រះសីហនុ។
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឱ្យដឹងថា គ្រប់ដងផ្លូវ ពិសេសផ្លូវដែលពង្រីកធ្វើថ្មីនឹងមិនអនុញ្ញាតឱ្យមានការដាក់ជាកន្លែងលក់ដូរ ឬ ចតយានយន្តផ្សេងៗនៅលើបន្ទាត់ចិញ្ចើមផ្លូវជាដាច់ខាត៕ ដោយ ៖ សុង យូ