ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នេះបានបង្ហោះរូបភាពមួយសន្លឹក នៅរង្វង់មូលកាំកូស៊ីធី ដោយបញ្ជាក់ពីសកម្មភាពល្មើសច្បាប់របស់អ្នកបើកបរ និងសំណូមពរដល់អ្នកល្មើសច្បាប់ទាំងនោះចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសំណូមពរយ៉ាងដូច្នេះថា សូមចូលរួមគោរពគំនូសសញ្ញាចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ការឈប់មិនត្រឹមត្រូវអាចបង្កការគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឲ្យមានការកកស្ទះ។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ក៏បានស្នើសុំឲ្យនគរបាលចរាចរណ៍ផ្លូវគោក ពង្រឹងបន្ថែមទៀតពាក់ព័ន្ធនឹងការចតរង់ចាំភ្លើងសញ្ញាចរាចរណ៍ ដោយបំពានគំនូសសញ្ញាចរាចរណ៍ មិនគោរពភ្លើងសញ្ញាចរាចរណ៍ និងការជិះបញ្ច្រាសទិសដៅចរាចរណ៍ជាដើម។
ជាក់ស្តែងរូបភាពមួយសន្លឹកខាងលើនេះបានបញ្ជាក់ថា ជាបទល្មើសមួយនៅចំណុចភ្លើងស្តុបរង្វង់មូលកាំកូស៊ីធី ដោយបានឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍ និងបំពានគំនូសសញ្ញាចរាចរណ៍។ ហេតុដូច្នេះសមត្ថកិច្ចគួរតែពង្រឹងនូវចំណុចទាំងនេះបន្ថែមទៀត ស្របពេលដែលការអនុវត្តរឹតបន្តឹងចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យថ្មី បាននិងកំពុងប្រព្រឹត្តទៅដោយភាពល្អប្រសើរ។
សូមបញ្ជាក់ថា រយៈពេល ២១ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ៣៩ ពោលគឺថ្ងៃទី០១-២១ ខែឧសភា ឆ្នាំ២០២១ នេះនគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្ត ៣២.០១១គ្រឿង ក្នុងនោះម៉ូតូ ២៣.៤៤៧គ្រឿង និងរថយន្តគ្រប់ប្រភេទ ៨.៥៦៤គ្រឿង។ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
យោងតាមអនុក្រឹត្យលេខ៣៩ ស្ដីពីការពិន័យអន្ដរការណ៍ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ មាត្រា៧ថ្មី បានកំណត់ច្បាស់ថា «អ្នកបើកបរខុសទិសចរាចរណ៍ ឬបើកបរជាន់គំនូសបង្ហូតកណ្ដាលទ្រូងផ្លូវ ត្រូវពិន័យ ១៥០,០០០រៀល សម្រាប់រថយន្ដធុនស្រាល និងពិន័យ ១០០,០០០រៀល សម្រាប់ម៉ូតូ»៕ ដោយ ៖ ផេង ភាព