ខ្សែការពារ Achraf Hakimi ដែលត្រូវបានក្លិប Borussia Dortmund ខ្ចីជើងរយៈពេល ២ រដូវកាល នឹងវិលត្រឡប់ទៅកាន់ក្លិប Real Madrid វិញ ក្រោយបញ្ចប់រដូវកាលនេះ។
ខ្សែការពារសញ្ជាតិម៉ារ៉ុករូបនេះ ត្រូវបានក្លិប Dortmund ខ្ចីជើងពីក្លិប Madrid នៅក្នុងឆ្នាំ២០១៨។ ក្នុងនាមជាខ្សែការពារស្លាបស្តាំ Hakimi តែងតែបង្ហាញទម្រង់លេងយ៉ាងល្អនៅទឹកដីអាល្លឺម៉ង់ ដោយអាចស៊ុតបញ្ចូលទីចំនួន ៣ គ្រាប់ពីការបង្ហាញខ្លួន ២៦ ប្រកួតនៅក្របខណ្ឌ Bundesliga រដូវកាលនេះ។ ក្រោយមានការវិវដ្តសមត្ថភាពល្អបែបនេះ ក្លិប Madrid កំពុងតែគិតគូចង់បានខ្សែការពារវ័យ ២១ ឆ្នាំរូបនេះត្រឡប់ទៅកាន់ទឹកដី Santiago Bernabéu វិញ ស្របពេលដែលមានក្លិបជាច្រើនក៏កំពុងចាប់អារម្មណ៍ចង់បានផងដែរ។ ក្លិប Bayern Munich, Paris Saint-Germain, Juventus, Chelsea និង Inter សុទ្ធតែជាក្លិបដែលបានដាក់ការចាប់អារម្មណ៍មកលើ Hakimi ខណៈពេលដែលមានព័ត៌មានលេចឮថា Inter ជាក្លិបមួយដែលមានភាគរយខ្ពស់យកបានខ្សែការពាររូបនេះនៅរដូវក្តៅ។
យ៉ាងណាមិញ ភ្នាក់ងាររបស់ខ្សែការពារសញ្ជាតិម៉ារ៉ុករូបនេះ បានអះអាងដែលថា ក្លិប Inter មិនបានផ្តល់សំណើសុំចុះហត្ថលេខាលើ Hakimi នោះទេនៅរដូវក្តៅនេះ។
លោក Alejandro Camano ភ្នាក់ងាររបស់ខ្សែការពារ Hakimi បានប្រាប់គេហទំព័រ Assahifa ថា៖ “មិនមានការផ្តល់ជូនសំណើណាមួយមកពីក្លិប Inter ទេ យើងនឹងត្រឡប់ទៅកាន់ទីក្រុងម៉ាឌ្រីដវិញនៅចុងបញ្ចប់នៃរដូវកាលនេះ”៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore