កីឡាករ Emerson បានបង្ហើបថា ខ្លួនអាចនឹងត្រឡប់ទៅលេងនៅក្របខណ្ឌ Serie A របស់ប្រទេសអ៊ីតាលីម្តងទៀតនៅពេលខាងមុខ។ ខ្សែការពារស្លាបឆ្វេងរូបនេះ កំពុងលេងនៅក្លិបតោខៀវ Chelsea ក្រោយផ្ទេរចេញមកពីក្លិប Roma នៅក្នុងឆ្នាំ២០១៨ ដោយបានចុះកុងត្រារយៈពេល ៤ ឆ្នាំកន្លះ។
ខ្សែការពារសញ្ជាតិអ៊ីតាលីរូបនេះ ត្រូវបានផ្សាភ្ជាប់នឹងការផ្លាស់ទៅចូលជាមួយក្លិប Juventus និង Inter នៅរដូវក្តៅនេះ។ បច្ចុប្បន្ន Juventus និង Inter កំពុងស្ថិតក្រោមការដឹកនាំរបស់លោក Maurizio Sarri និង Antonio Conte ហើយពួកគាត់ទាំងពីររូបនេះសុទ្ធតែធ្លាប់មានប្រវត្តិដឹកនាំក្លិប Chelsea ដូចគ្នា ចំណែកឯ Emerson ជាកូនក្រុមម្នាក់របស់ពួកគាត់ផងដែរ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ខ្សែការពារវ័យ ២៥ ឆ្នាំខាងលើបាននិយាយប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ “ខ្ញុំពិតជារីករាយណាស់នៅពេលដែលលេងនៅក្របខណ្ឌ Serie A ជាមួយនឹងវប្បធម៌នៅទីនោះ ហើយវាក៏ជាមូលហេតុដែលធ្វើឱ្យខ្ញុំចង់ទៅលេងនៅអ៊ីតាលីវិញម្តងទៀតផងដែរ។ ការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Serie A វិញអាចនឹងកើតមានឡើងម្តងទៀត ប៉ុន្តែបច្ចុប្បន្នខ្ញុំកំពុងមានកិច្ចសន្យាជាមួយក្លិបតោខៀវ ហើយវាក៏មិនមែនជាពេលវេលាដែលត្រូវប្រញាប់ទៅនោះទេ”។
Emerson ក៏បានប្រាប់ពីចំណាប់អារម្មណ៍ចំពោះអ្នកចាត់ការទូទៅទាំងពីររូបខាងលើផងដែរថា៖ “ខ្ញុំបានរៀនសូត្រច្រើនណាស់ពីលោក Conte គាត់ជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ ប៉ុន្តែពេលវេលា និងទំនុកចិត្តរបស់ខ្ញុំពីលោក Sarri គឺមានច្រើនជាង”៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore