ភ្នំពេញ៖ ជំងឺកូវីដ១៩ នៅតែជាក្តីព្រួយបារម្ភ ទោះបីមួយរយៈចុងក្រោយនេះហាក់ស្ងប់ស្ងាត់បន្តិចមែន ប៉ុន្តែរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងស្ថាប័នជំនាញផ្សេងៗ នៅតែក្រើនរំឭកជាបន្តបន្ទាប់ឲ្យពលរដ្ឋប្រយ័ត្នជាប់ជានិច្ច ក្នុងកិច្ចការពារខ្លួន។ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ១៩ កុំឲ្យកើតមានរលកទី២ ក្រុមការងារ TNAOT APP បាននាំយកម៉ាស់ចំនួន១ម៉ឺន ទៅផ្តល់ជូន ក្រុមហ៊ុនវីរៈប៊ុនថាំ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ។ប្រធានរដ្ឋបាលក្រុមហ៊ុនវិរៈប៊ុនថាំ លោក ឡុង ណាផន បានសម្តែងការសប្បាយរីករាយ នឹងថ្លែងអំណរគុណដល់ក្រុមហ៊ុន សារព័ត៌មាន TNAOT APP ដែលបានផ្តល់ម៉ាស់សម្រាប់ចែកជូនដល់អ្នកបើកបរ និងបុគ្គលិកទាំងអស់ រួមទាំងប្រជាពលរដ្ឋដែលមកទទួលសេវាធ្វើដំណើរជាមួយ ក្រុមហ៊ុនវីរៈប៊ុនថាំ។ លោកថា នេះជាអំពើមនុស្សធម៍មួយ ជួយរួមចំណែកកាត់បន្ថយការឆ្លងរាលដាល នៃជំងឺកូវីដ១៩។
នេះមិនមែនជាលើកទីមួយនោះទេ ដែលប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល TNAOT APP បានចូលរួមកិច្ចការងារសង្គម។ កាលពីថ្ងៃទី១២ ខែឧសភាដដែលនេះ TNAOT APP ក៏បាននាំយកម៉ាស់ចំនួន១ម៉ឺន ទៅផ្តល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
ហើយកន្លងមកជាបន្តបន្ទាប់ ក្រុមហ៊ុន ក៏បានចុះចែកអំណោយជា ម៉ាស់ ទឹកអាល់កុល និងជែលលាងដៃជាដើម ជូនដល់បងប្អូន អ្នករត់កង់បី អ្នករត់ម៉ូតូឌុប អ្នកធាក់ស៊ីក្លូ និងបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ដើម្បីសម្រួលបន្ទុកពួកគាត់ ក្នុងគ្រាមានអាសន្នដោយសារជំងឺកូវីដ១៩នេះ។
ក្រៅពីចែកជូនដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន TNAOT APP ក៏បានយកចិត្តទុកដាក់ដល់សុខភាពអ្នកសារព័ត៌មាននៅកម្ពុជា ផងដែរ។ កាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនកោះថ្មីថេកណឡជីក៏បាន នាំយកម៉ាស់ចំនួន៣ពាន់ទៅប្រគល់ជូន ក្លិបអ្នកកាសែតកម្ពុជា។
ក្រៅពីនេះ TNAOT APP ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយជួយជាម៉ាស់ជាង ២ម៉ឺន កាលពីថ្ងៃទី១៤ ខែមេសា កន្លង។
នេះបញ្ជាក់ឲ្យឃើញថា ក្រុមហ៊ុនកោះថ្មីថេកណឡជី បានយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋគ្រប់រូប មិនថាប្រជាពលរដ្ឋនៅមូលដ្ឋានផ្សេងៗ វិស័យឯកជន ឬវិស័យសាធារណៈនោះទេ៕ ដោយ៖ ប៊ុនធឿន