Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជំនឿដ៏គួរឱ្យខ្លាចអំពីកូនគោបា

និយាយអំពឿជំនឿផ្លូវងងឹត កូនគោបា គឺគេសំដៅទៅលើប្រភេទអំពើម្យ៉ាងដែលគេបានហៅមកថាកូនគោបា។

អំពើខ្មៅកូនគោបានេះ គឺអ្នកដែលចេះអំពើធ្មប់ ឬអំពើផ្លូវងងឹតបែបភាវអាក្រក់បង្កើតឡើង ដោយគេយកកូនគោតូចទើបនឹងកើត ឬគោកូនលង ជាកូនដែលជិតគ្រប់ខែដែលត្រូវបានគេវះពីពោះមេគោ មកសូត្រគាថាស្ដោះផ្លុំតាមរបៀនដើម្បីឱ្យព្រលឹងខ្មៅនៃព្រាយបិសាចអមនុស្សចូលទៅក្នុងរូបកាយកូនគោនោះ។

កូនគោលដែលគេបានដាក់អំពើនោះនឹងក្លាយទៅជាខ្មៅដូចសំរឹទ្ធហើយគេនឹងព្រលែងឲ្យដើរទៅគ្រប់ទីកន្លែងតាមកន្លែងដែលវាចង់ទៅ។ 

ភាគច្រើនគេឃើញកូនគោនេះបង្ហាញខ្លួនតែក្បាលព្រលប់ចាប់ពីពេលព្រះអាទិត្យលិច។ 

កូនគោខ្មៅនេះនឹងដើរស៊ីដំណាំឬស៊ីដើមចេករបស់អ្នកភូមិ ហើយប្រសិនបើអ្នកភូមិឃើញគោនោះហើយដេញយកដំបងគប់ឬសូម្បីតែដើរជាន់គន្លងជើងកូនគោនោះ អ្នកនោះនឹងត្រូវខ្មោចព្រាយបិសាចចូល ឬឈឺប្រកាច់រ៉ាំរ៉ៃរហូតជ្រុះសក់ដំបៅក្បាល បាក់ធ្មេញ និងងងឹតភ្នែក ឬអាចបាត់បង់ជីវិតទៀតផង។ 

ហេតុដែលកូនគោបាខ្មៅនេះមានឥទ្ធិពលអសិរពិសដ៏ខ្លាំងក្លាដោយសារតែអំពើខ្មៅដែលគេបានខាបបញ្ចូលទៅក្នុងខ្លួនកូននោះ។

យើងបានជួបសម្ភាសផ្ទាល់ជាមួយលោកយាយវិត ងោះ ដែលបច្ចុប្បន្ននេះមានអាយុ 88 ឆ្នាំ រស់នៅក្នុងម្ដុំទន្លេបាទី ត្រពាំងសាប នាខេត្តតាកែវ បានរៀបរាប់ឱ្យក្រុមការងាររាត្រីរន្ធត់យើងដឹងថា,

កាលពីអំឡុងឆ្នាំ 1980 ពេលរបបប៉ុលពតបានបញ្ចប់ ហើយលោកយាយបានត្រឡប់មករស់នៅស្រុកភូមិខ្លួនវិញជាធម្មតាសាន្តត្រាណ។

តែក្នុងភូមិនោះមានស្ត្រីចំណាស់ម្នាក់ ដែលចេះអំពើផ្លូវងងឹតមន្តអាគមអូមអាមគ្រប់សព្វបែបយ៉ាង។ ស្ត្រីនោះមិនចុះសម្រុងជាមួយនឹងអ្នកភូមិឡើយដោយអត្តចរិតកោងកាចអសីលធម៌ និងខ្សែលើ។

មួយខែក្រោយមកអ្នកភូមិម្នាក់នៅផ្ទះចុងភូមិស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងទាន់ហន់ហើយក៏ស្លាប់បាត់បង់ជីវិត។

មិនបានប៉ុន្មានថ្ងៃផងមានអ្នកភូមិម្នាក់ទៀតបានកើតជំងឺយ៉ាងចម្លែក។

គឺអង្គុយបោចសក់ខ្លួនឯងរហូតឈាមក្បាលជោគខ្លួន តែត្រូវសមាជិកគ្រួសារយកមករំដោះគ្រោះទាន់ពេលវេលាហើយក៏ជាលាជាធម្មតាវិញ។ 

ពីថ្ងៃនោះមកកេរ្តិ៍ឈ្មោះរបស់ស្ត្រីគ្រូអាគមនោះ ត្រូវបានគេស្ងប់ស្ងែងនិងកោតខ្លាចរអា។

តែអ្នកភូមិក៏បានចាប់ផ្ដើមសង្ស័យដោយសារតែមានជំងឺចម្លែកកើតឡើងម្ដងម្នាក់ៗ។

តាចក់ ជាអ្នកភូមិម្នាក់ដែរ នៅយប់ព្រលប់ថ្ងៃលិច គាត់បានឃើញកូនគោខ្មៅតូចមួយដើរចូលផ្ទះរបស់គាត់។ គាត់បានយកស្បែកជើងគប់គោនោះដោយខ្លាចចូលស៊ីដំណាំដែលគាត់ដាំ។ រំពេជនោះ គាត់ស្រាប់តែប្រកាច់ដួល ហើយពេលកូនៗ និងប្រពន្ធរបស់គាត់រត់មកមើល គាត់ក៏ហក់មកច្របាច់កកូនតូចៗរបស់គាត់យ៉ាងក្រហល់ក្រហាយ។ ប្រពន្ធតាចក់បានប្រើកម្លាំងខ្លួនចាប់ទាញកូនទាំង២ ហើយរត់ចេញយ៉ាងភិតភ័យសំដៅទៅផ្ទះអ្នកជិតនោះ។

តាចក់ ស្ថិតក្នុងសភាពងងឹតងងុល ភ្នែកឡើងពណ៌ស ដើរដោយកម្លាំងយ៉ាងសំបើម តម្រង់មកផ្ទះអ្នកជិតនោះ ហើយស្រែកសន្ធាប់ខ្លាំងៗរហូតដួលដេកដាច់ខ្យល់ស្លាប់ភ្លាមមួយរំពេជ។

អ្នកភូមិចាប់ផ្ដើមសង្ស័យថាមានអ្វីម្យ៉ាងទាក់ទងជាមួយនឹងកូនគោខ្មៅបោះ ព្រោះបើកូនគោនោះបង្ហាញខ្លួននៅផ្ទះអ្នកណាហើយ ផ្ទះអ្នកនោះនឹងមានមនុស្សធ្លាក់ខ្លួនឈឺ វិកលចរិត ស្គមរីងរៃ ឬស្លាប់។

លោកយាយវិត ងោះ បាននិយាយបន្តថា នាយប់មួយ ពេលលោកយាយកំពុងតែដេកតែម្នាក់ឯង គាត់បានឮសំឡេងសត្វចូលស៊ីដំណាំក្រោយផ្ទះគាត់។ ដំបូងគាត់គិតស្មានជាសត្វជ្រូក ឬឆ្កែធម្មតា តែដោយចម្លែកចិត្តក៏អុចចន្លុះហើយដើរទៅមើលដោយផ្ទាល់ភ្នែក។

ពេលដើរតាមសូរសំឡេងទៅដល់ លោកយាយឃើញកូនគោខ្មៅស្រឹបមួយកំពុងស៊ីស្ពៃដែលគាត់ដាំ យ៉ាងឆ្ងាញ់មាត់។ ភ្លាមនោះ គោនោះស្រាប់តែងើបមុខឡើងសម្លក់ថ្លែកមកាន់គាត់ ហើយក៏លោតយ៉ាងលឿនមកសង្គ្រប់លោកយាយឱ្យដួលទៅលើដី រួចស្រែកជាសំឡេងមនុស្សស្រីយ៉ាងរន្ធត់ មុននឹងរលាយបាត់រូបទៅជាផ្សែងខ្មៅ។ 

លោកយាយតក់ស្លុតភិតភ័យនិយាយមិនចេញ។

តែជាសំណាងល្អ ប្រហែលជាថ្ងៃនោះ លោកយាយវិត ងោះ រាសីខ្ពស់ ឬមានបុណ្យបារមីយ៉ាងចៃដន្យ ទើបមិនមានឈឺអ្វីទេ គ្រាន់តែរបួសបែកក្បាលតែបន្តិចដែលមកពីភ្លាត់ជើងដួលត្រូវត្រឡោកដូង។

អ្នកភូមិក៏បានជុំគ្នាថាគួរកុំតតាំងជាមួយនឹងកូនគោបានោះ ព្រោះវាអាចនាំគ្រោះថ្នាក់ដល់គ្រប់គ្នា ពិសេសអ្នកដែលមានរាសីទាប។

ច្រើនថ្ងៃក្រោយមក ដោយអ្នកភូមិលែងតតាំង ឬសូម្បីតែមើលទៅលើកូនគោនោះ គេក៏លែងឃើញវត្តមានកូនគោបាខ្មៅនោះទៀតដែរ ស្របពេលដែលស្ត្រីគ្រូអាគមនោះបានផ្លាស់ទីលំនៅចេញទៅ។

លោកយាយងោះ នៅតែចងចាំយ៉ាងច្បាស់ពីអារម្មណ៍តក់ស្លុតស្ទើរគាំងបេះដូងនាយប់នោះ ពិសេសពេលដែលសត្វគោបានោះហក់លោតមកសង្គ្រប់លោកយាយ ពិតជាគួរឱ្យខ្លាចគ្មានពាក្យប្រៀបបាន។

បច្ចុប្បន្ននេះគេមិនសូវឃើញមានកូនគោបាខ្មៅនេះចេញដើរទៀតទេ តែត្រូវចាំថា ដើម្បីសុវត្ថិភាព ប្រសិនបើចៃដន្យមានកូនគោបាដើរចូលផ្ទះអ្នក ហើយអ្នកមានអារម្មណ៍ថាវាមិនមែនជាគោធម្មតាទេនោះ ធ្វើកុំឃើញ ហើយគេចពីវាកុំឱ្យវាឃើញអ្នក បើមិនចង់មានគ្រោះថ្នាក់។…

from: https://tnaot.com/km/m/detail/article/9243601