អ្នកនាំពាក្យអំពីស្ថានភាពវីរុសកូវីដ-១៩របស់រដ្ឋាភិបាលថៃបានថ្លែងនៅព្រឹកថ្ងៃសុក្រនេះថា គ្មានករណីថ្មីនៃអ្នកឆ្លងវីរុសកូវីដ-១៩នោះទេ ប៉ុន្តែប្រជាជនគួរតែប្រុងប្រយ័ត្នឱ្យបានច្រើនពីព្រោះ យើងមើលមិនដឹងទេថាតើអ្នកនៅក្នុងសហគមន៍មានអ្នកផ្ទុកវីរុសឬអត់។
យោងតាមលោកវេជ្ជបណ្ឌិតTaweesilp Visanuyothin បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែឧសភាមានមនុស្សចំនួន ៤៥នាក់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩។ ក្នុងនោះមាន ២០នាក់បានឆ្លងជំងឺនៅក្នុងប្រទេសដទៃទៀតហើយត្រូវបានគេបញ្ជូនទៅប្រទេសថៃវិញ និងមាន ២៥នាក់ផ្សេងទៀតបានឆ្លងជំងឺក្នុងស្រុក។
រូបតំណាង
វេជ្ជបណ្ឌិត Taweesilp បន្ថែមថា អ្នកជំងឺទាំង ២៥ នាក់បានរស់នៅក្នុងសហគមន៍ជាប្រចាំថ្ងៃ ហើយនេះជាសញ្ញាបង្ហាញថាអ្នកផ្ទុកមេរោគនៅតែមាននៅទីនោះ។ ដូច្នេះមនុស្សមិនគួរភ្លេចខ្លួននោះទេ។ ក្នុងចំណោមអ្នកឆ្លងទាំង ៣០៣៧នាក់ មានអ្នកជំងឺ ២៩១០ បានជាសះស្បើយនិងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ហើយបច្ចុប្បន្នមានអ្នកជំងឺ ៧១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមានអ្នកស្លាប់នៅរក្សាចំនួន ៥៦នាក់ដដែល។ គិតត្រឹមព្រឹកថ្ងៃសុក្រនេះអ្នកឆ្លងវីរុសកូវីដ-១៩ ទូទាំងពិភពលោកមានចំនួនសរុប ៥.១៩លាននាក់ និងមានមនុស្សស្លាប់ចំនួន ៣៣៤៦២១នាក់។
រូបតំណាង
លោកវេជ្ជបណ្ឌិត Taweesilp បានមានប្រសាសន៍ថាសហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនបំផុតគឺ ១.៦២ លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុតគឺ ៩៦៣៥៤ នាក់។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post