នៅក្នុងដំណើរទស្សនកិច្ចរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន Ford នៅក្នុងរដ្ឋ Michigan ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានពាក់ម៉ាស់ ជាលើកដំបូង ដោយមានរូបសញ្ញារបស់ប្រមុខដឹកនាំ នៅសេតវិមាន។ លោក ត្រាំ មានការស្ទាក់ស្ទើរ នៅក្នុងពេលពាក់ម៉ាស់ ដោយសារអ្នកសារព័ត៌មានថតរូបលោក ហើយនេះក៏ជាការពាក់ម៉ាស់លើកទី១របស់លោកផងដែរ។
ប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងថា រូបភាពនេះជាសារខុសពីគោលជំហររបស់លោក ក្នុងការជំរុញឲ្យបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ បើទោះជាអាមេរិក មានពលរដ្ឋឆ្លង ជាង ១,៥៨លាននាក់ និងស្លាប់ជិត១សែននាក់ទៅហើយក្ដី។
លោក ត្រាំ បានពាក់ម៉ាស់តែមួយភ្លែតប៉ុណ្ណោះ ហើយក៏ដោះចេញវិញរហូត។ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនោះ ប្រធានក្រុមហ៊ុន Ford Motor បានប្រកាសថា លោកបានស្នើឲ្យប្រធានាធិបតីពាក់ម៉ាស់ពេលអញ្ជើញមកបំពេញទស្សនកិច្ច នៅរោងចក្រនេះ។ កន្លងមក អភិបាលរដ្ឋ Michigan បានព្រមានថា បើលោក ត្រាំ មិនពាក់ម៉ាស់ពេលមកបំពេញទស្សនកិច្ច ក្រុមហ៊ុន Ford នឹងមានវិធានការ តាមផ្លូវច្បាប់ទៅលើប្រធានាធិបតី។
លោក ត្រាំ បញ្ជាក់ថា លោកបានធ្វើតេស្តគ្រប់ពេល ដូច្នេះលោកមិនចំាបាច់ពាក់ម៉ាស់នោះឡើយ។ ប៉ុន្តែប្រធានក្រុមហ៊ុន Bill Ford បានស្នើឲ្យលោក ត្រាំ ពាក់ម៉ាស់ពេលចូលមកដល់ក្រុមហ៊ុន និងជួបជាមួយលោកផ្ទាល់។ ប៉ុន្តែក្រោយមក លោក ត្រាំ ក៏ដោះម៉ាស់ចេញវិញ ៕ ប្រែសម្រួលដោយ៖ MEO