ខេត្តប៉ៃលិន៖ ទោះបីមិនទាន់បានចុះអនុសារណៈយោគយល់គ្នា ក្នុងការបញ្ជាទិញផ្លែមៀនជាមួយប្រទេសចិន ឲ្យបានជាក់លាក់នៅក្នុងកម្រិតណាមួយក៏ដោយ ផ្លែមៀនប៉ៃលិន ក្រៅពីបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏បាននាំចេញទៅកាន់ប្រទេសថៃ និង ប្រទេសចិនផងដែរ។ កម្ពុជាសង្ឃឹមថា ការបញ្ជាទិញពីប្រទេសចិន អាចមានទំហំធំជាងប្រទេសថៃ និងទីផ្សារនៅក្នុងស្រុក ពោលគឺថា អាចឈានទៅដល់រាប់ម៉ឺនតោនក្នុង១ឆ្នាំៗ។
អភិបាលរងខេត្តប៉ៃលិន បានឲ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងថា សព្វថ្ងៃនេះ ខេត្តប៉ៃលិន បានដំឡើងរោងចក្រសម្ងួតផ្លែមៀនរួចរាល់ហើយ រោងចក្រនេះ ជារោងចក្ររបស់វិនិយោគិនចិន ដែលពីមុនដើម្បីធ្វើការវេចខ្ចប់ និងការសម្លាប់មេរោគវាលំបាកណាស់ សម្រាប់នាំចេញ ប៉ុន្តែបច្ចុប្បន្ន យើងអាចធ្វើខ្លួនឯងបាន ដែលវាមានសមត្ថភាពសម្ងួតមៀនបាន ២,៤០០គីឡូក្រាម ក្នុង១ម៉ោង។
ក្នុងឆ្នាំ២០១៩ ខេត្តប៉ៃលិនមានផ្ទៃដីដាំដុះកសិកម្ម អនុវត្តបានចំនួន ៧៧ពាន់ ៣៨៣ហិកតា និងទទួលបានបរិមាណសរុប ១លាន ០១៤ពាន់ ៨៩៦តោន ក្នុងនោះស្រូវប្រាំង និងវស្សា មានចំនួន ៨ពាន់ ៦ហិកតា, ដំណាំរួមផ្សំមានចំនួន ៥៦ពាន់ ៥ ១៥ហិកតា, ដំណាំហូបផ្លៃមៀនចំនួន ១០ពាន់ ២២៧ហិកតា និងដំណាំឧស្សាហកម្មមានចំនួនជាង ២ពាន់ ០៤១ហិកតា។
បច្ចុប្បន្ន ខេត្តប៉ៃលិន មានដំណាំ ៤ប្រភេទ ដែលបានដើរតួនាទីយ៉ាងសំខាន់ ជួយដល់កំណើនសេដ្ឋកិច្ច គឺមានដំណាំមៀនប៉ៃលិនចំនួនជាង ៤ពាន់ ៣៨៣ហិកតា, ស្វាយកែវរមៀតចំនួន ៥ពាន់ ៥៦៥ហិកតា, ដំណាំដំឡូងមីចំនួន ៤២ពាន់ ១១០ហិកតា និងពោតក្រហមចំនួនជាង ៧ពាន់ ៧១៦ហិកតា៕ ដោយ៖ ប៊ុនធឿន