ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា នៅគ្រប់ស្ថាប័នរដ្ឋាភិបាលទាំងអស់ នៅលើទឹកដីអាមេរិក នឹងត្រូវបង្ហូតទង់ជាតិ ត្រឹមពាក់កណ្តាល កាន់ទុក្ខដល់ជនជាតិអាមេរិកស្លាប់ ដោយកូវីដ១៩។
សារព័ត៌មាន CNN បានដកស្រង់ការប្រកាសរបស់ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២១ ខែឧសភា នៅលើបណ្តាញសង្គម Twitter ថា «ខ្ញុំសូមបញ្ជាឲ្យបង្ហូតទង់ជាតិត្រឹមពាក់កណ្តាល នៅគ្រប់ស្ថាប័ន តាមបណ្ដារដ្ឋទាំងអស់ ក្នុងរយៈពេល៣ថ្ងៃ ដើម្បីជាការកាន់ទុក្ខដល់ជនជាតិអាមេរិក ស្លាប់ដោយកូវីដ១៩»។
ការសម្រេចខាងលើរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានកើតឡើង ក្រោយពេលប្រធានរដ្ឋសភា លោកស្រី Nancy Pelosi និងមេដឹកនាំមកពីគណបក្សប្រជាធិបតេយ្យ នៅក្នុងព្រឹទ្ធសភា លោក Chuck Schumer បានផ្ញើលិខិតទៅជូនប្រធានាធិបតី ស្នើឲ្យលោកចេញបញ្ជាឲ្យបង្ហូតទង់ជាតិពាក់កណ្តាល កាន់ទុក្ខដល់ពលរដ្ឋអាមេរិក ស្លាប់ដោយកូវីដ១៩ កើនឡើងដល់១សែននាក់។
ថ្នាក់ដឹកនាំអាមេរិក ទាំងរដ្ឋសភា និងព្រឹទ្ធសភា បានស្នើឲ្យកាន់ទុក្ខដល់ពលរដ្ឋអាមេរិក ១សែននាក់ ស្លាប់ដោយកូវីដ១៩។ បច្ចុប្បន្ន ចំនួនអ្នកស្លាប់នៅអាមេរិក កើនឡើងដល់ ៩៦ ៣៥៤នាក់ និងឆ្លងកើនឡើង រហូតដល់ ជាង១,៦លាននាក់ ។ បើតាមការព្យាករណ៍ ក្នុងពេលដ៏ខ្លីខាងមុខ អាមេរិកនឹងមានអ្នកស្លាប់ដោយកូវីដ១៩ កើនឡើងដល់១សែននាក់ ហើយពេលនោះអាមេរិក នឹងកាន់ទុក្ខ រយៈពេល៣ថ្ងៃ៕ ប្រែសម្រួលដោយ៖MEO