ការប្រឈមមុខតានតឹង រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ធ្វើឲ្យក្តីសង្ឃឹមសន្តិភាពនៅមជ្ឈិមបូព៌ាត្រូវរលាយ
សហគមន៍អន្តរជាតិបង្ហាញក្តីបារម្ភយ៉ាងខ្លាំង អំពីគម្រោងដាក់បញ្ចូលតំបន់ភាគខាងលិច ជេរ៉ូសាឡឹម និងតំបន់ភ្នំ នៃប្រទេសហ្ស៊កដានី( Jordan) នៅក្នុងដែនអធិបតេយ្យស្របច្បាប់របស់អ៊ីស្រាអែល។ សកម្មភាពទាំងនេះ នឹងធ្វើឲ្យគម្រោងសន្តិភាព នៅតំបន់មជ្ឈិមបូព៌ា នឹងត្រូវរលាយ។
វិថីឆ្ពោះទៅរកសន្តិភាព នៅតំបន់មជ្ឈិមបូព៌ា នឹងមានឧបសគ្គកាន់តែច្រើនឡើង ហើយនៅពេលនេះកាន់តែបាត់បង់ឱកាស ក្រោយពេលអ៊ីស្រាអែល និងប៉ាឡេស្ទីន ប្រឈមមុខតានតឹងដាក់គ្នាកាន់តែខ្លាំងឡើង។ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas កំពូងតែខិតខំស្វែងរកការគាំទ្រ ដាក់គំនាបទៅលើអ៊ីស្រាអែលឲ្យបញ្ឈប់គម្រោងពង្រីកទឹកដី ដោយខុសច្បាប់របស់ខ្លួន។
ជាមួយគ្នានេះដែរ មេដឹកនាំជាន់ខ្ពស់អុីរ៉ង់ បានលើកឡើងថា អុីរ៉ង់នឹងគាំទ្រដល់ប្រទេសណា ដែលវាយប្រហារកម្ទេចអុីស្រាអែល ដើម្បីបញ្ចប់របបឈ្លានពាន។ មេដឹកនាំជាន់ខ្ពស់អ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានប្រកាសថា ប្រទេសណា ឬក្រុមណាមួយ ធ្វើសង្គ្រាមវាយប្រហារអុីស្រាអែល គឺអុីរ៉ង់នឹងគាំទ្រទាំងអស់។
នៅលើបណ្តាញសង្គម លោក Ayatollah Ali Khamenei បានប្រកាសថា អុីស្រាអែលនឹងមិនគោរពតាមកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាណាមួយនោះឡើយ ក្រៅពីប្រើកម្លាំងឈ្លានពានប្រទេសជិតខាង។ អុីស្រាអែលមិនចូលចិត្តសន្តិភាពឡើយ ដោយសារប្រទេសនេះចង់ពង្រីកទឹកដីរបស់ខ្លួន។
លោក Ayatollah Ali Khamenei បានបញ្ជាក់ទៀតថា ការកម្ទេចអុីស្រាអែល មិនមែនមានន័យថា កម្ទេចជនជាតិជ្វីហ្វនោះឡើយ។ ពោលគឺយើងមិនប្រឆាំងជាមួយនឹងជនជាតិជ្វីហ្វនោះទេ ប៉ុន្ដែយើងគ្រាន់តែលុបចោលរបបឈ្លានពានរបស់ប្រទេសនេះតែប៉ុណ្ណោះ៕ ប្រែសម្រួលដោយ៖ MEO