បណ្តាញទូរទស្សន៍អ៊ីរ៉ង់ ILNA បានដកស្រង់សម្ដីរដ្ឋលេខាធិការក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក Qassem Janbabai បានបញ្ជាក់ថា បុគ្គលិកសុខាភិបាលអ៊ីរ៉ង់ មានរហូតដល់ជាង១ម៉ឺននាក់ បានឆ្លងកូវីដ១៩ ហើយក្នុងចំណោមបុគ្គលិកទាំងនោះ ក៏មានពេទ្យជាច្រើននាក់បានស្លាប់ ដោយសារកូវីដ១៩ផងដែរ។
អ៊ីរ៉ង់ ជាសម្បុកកូវីដ១៩ដ៏ធំបំផុត នៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយមានអ្នកឆ្លងកើនឡើង រហូតដល់ទៅជាង១២៩ពាន់នាក់ ក្នុងនោះមានអ្នកស្លាប់ កើនឡើងជាង ៧២០០នាក់ ។ កាលពីខែមេសា ក្រសួងសុខាភិបាល បានប្រកាសថា មានបុគ្គលិកសុខាភិបាល រហូតដល់ទៅ១០០នាក់បានស្លាប់ ដោយសារកូវីដ១៩។
បើតាមការផ្សាយរបស់ ILNA រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក Saeed Namaki បានអំពាវនាវដល់ពលរដ្ឋ កុំឲ្យធ្វើដំណើរកម្សាន្ត ឬចូលរួម នៅក្នុងពិធីបុណ្យ Eid al-Fitr នាចុងខែឧសភានេះ ដើម្បីបញ្ចៀសការឆ្លងកូវីដ១៩ កាន់តែច្រើន។ ពលរដ្ឋអ៊ីរ៉ង់តែងតែធ្វើដំណើរកម្សាន្ត នៅតំបន់ផ្សេងៗ ក្នុងប្រទេស ក្រោយពេលពិធីបុណ្យ Ramadan របស់សាសនិកអ៊ិស្លាប់ រយៈពេល១ខែ បានបញ្ចប់ ។
លោក Saeed Namaki បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋទាំងអស់កុំទៅដើរកម្សាន្ដ ក្នុងអំឡុងពេលនេះ ដើម្បីធានាសុវត្ថិភាពដល់ខ្លួនឯងផ្ទាល់ មិនឆ្លងកូវីដ១៩ និងក្រុមគ្រួសាររបស់យើង។ ប្រសិនបើ មានករណីឆ្លងផ្ទុះឡើងខ្លាំង នឹងពិបាកគ្រប់គ្រង ហើយអាចបណ្តាលឲ្យមានអ្នកស្លាប់កាន់តែច្រើន»ឡើងថែមទៀត។
បើតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវរបស់សភាអ៊ីរ៉ង់ បានបញ្ជាក់ថា ចំនួនអ្នកឆ្លកូវីដ១៩ នៅអ៊ីរ៉ង់ និងអ្នកស្លាប់ អាចច្រើនជាងទ្វេដង ពីតួលេខរបស់ក្រសួងសុខាភិបាល បានប្រកាស៕ ប្រែសម្រួលដោយ៖MEO