ក្រសួងសុខាភិបាលថៃកំពុងតែសម្របសម្រួលជាមួយក្រសួងអប់រំក្នុងការរៀបចំត្រៀមបើកសាលារៀនទូទាំងប្រទេសនៅថ្ងៃទី ១ ខែកក្កដាដើម្បីធានាបាននូវសុវត្ថិភាពដល់សិស្ស ក្នុងអំឡុងពេលវីរុសកូវីដ-១៩កំពុងរាតត្បាត។
រូបតំណាង
វេជ្ជបណ្ឌិតPanpimon Wipulakorn អគ្គនាយកនៃក្រសួងសុខាភិបាលបានមានប្រសាសន៍នៅថ្ងៃនេះថា សិស្សមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគនៅតាមសាលាច្រើនជាងអ្នកដើរនៅក្នុងផ្សារព្រោះ សិស្សចំណាយពេលរៀនជាមួយគ្នាពី ៥ ទៅ ៦ម៉ោងក្នុងមួយថ្ងៃ។ វេជ្ជបណ្ឌិតPanpimon កំពុងបង្ហាញការព្រួយបារម្ភអំពីសុវត្ថិភាពសិស្សទាំងនោះថាតើពួកគេប្រាកដជាបានគោរពតាមការណែនាំអំពីគោលការណ៍រក្សាគម្លាត ការពាក់ម៉ាស់ និងលាងដៃឱ្យបានញឹកញាប់ដែរឬទេ។ យោងតាមស្ថិតិក្នុងប្រទេសបានឱ្យដឹងថាមាន ៣.៨% នៃការឆ្លងវីរុសគឺស្ថិតក្នុងចំណោមអ្នកដែលមានអាយុចន្លោះពី ១០ ទៅ ១៩ឆ្នាំ ហើយពួកគេច្រើនតែឆ្លងជំងឺនេះពីសមាជិកក្នុងគ្រួសារ។ ទោះបីជាកុមារដែលឆ្លងមេរោគកម្របង្ហាញរោគសញ្ញានិងមិនមានស្ថានភាពធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែពួកគេនៅតែជាអ្នកដែលអាចចម្លងទៅមិត្តភក្តិនៅសាលាផងដែរ។
រូបតំណាង
សៀវភៅណែនាំត្រូវបានចែកចាយដល់សាលារៀនទាំងអស់អំពីរបៀបនិងវិធីការពារខ្លួនឱ្យចៀសផុតអំពីមេរោគឆ្លងដើម្បីឱ្យគ្រូនិងសិស្សអាចទទួលបានព័ត៌មាន។ វេជ្ជបណ្ឌិតPanpimon បានស្នើឱ្យឪពុកម្តាយកុំបារម្ភហួសហេតុពេកប៉ុន្តែត្រូវអប់រំកូនៗរបស់ពួកគេអំពីវិធីការពារខ្លួនពីវីរុសនិងទំនាក់ទំនងតាមអ៊ីនធឺណិតជាមួយឪពុកម្តាយនិងគ្រូដទៃទៀត។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post