មន្ទីរកសិកម្មខេត្តស្វាយរៀង ណែនាំដល់ប្រជាពលរដ្ឋឲ្យចងក្រងជាបណ្តុំឬសហគមន៍អ្នកដាំបន្លែ ដើម្បីងាយស្រួលរកទីផ្សារ និងទទួលបានតំលៃខ្ពស់
វិទ្យុជាតិកម្ពុជា:ស្រីផល ២១.០៥.២០២០៖
មន្ទីរកសិកម្មខេត្តស្វាយរៀង ណែនាំដល់ប្រជាពលរដ្ឋឲ្យចងក្រងជាបណ្តុំឬសហគមន៍អ្នកដាំបន្លែ ដើម្បីងាយស្រួលរកទីផ្សារ និងទទួលបានតំលៃខ្ពស់ ខណៈប្រទេសយើងកំពុងតែជួបនូវវិបត្តជម្ងឺកូវីដ១៩។
លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទខេត្តស្វាយរៀង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ខណៈដែលប្រទេសយើងកំពុងតែជួបនូវវិបត្តជម្ងឺកូវីដ១៩ ខាងមន្ទីរ បានឲ្យមន្ត្រីពាក់ព័ន្ធ ចុះ ណែនាំដល់ប្រជាកសិករចងក្រងជាបណ្តុំ ដើម្បីងាយស្រួលក្នុងការបង្កើនការដាំដុះដំណាំបន្លែ ដើម្បីបំពេញតម្រូវការសំរាប់គ្រួសារផង និងក្នុងខេត្តផង ជាពិសេសងាយស្រួលរកទីផ្សារ និងទទួលបានតំលៃខ្ពស់។ លោក បញ្ជាក់ថា នៅទូទាំងខេត្ត ការចងក្រងជាបណ្តុំ មានចំនួន២៤បណ្តុំហើយ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាកសិករដាំដុះបន្លែបានហើយ មិនប្រារម្ភពីការខ្វះទីផ្សារ។ លោកបានបន្ថែមទៀតថា បច្ចុប្បន្នប្រជាកសិករ កំពុងតែមាមាញឹកក្នុងការដាំដំណាំបន្លែយកស្លឹក ព្រមទាំងដំណាំបន្លែយកដើម ដូចជា ស្ពៃក្រញាញ់ ស្ពៃចង្កឺះ ត្រកួន និងផ្ទីជាដើម។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីរក្សាសន្តិសុខស្បៀង ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-19 ដូចជា ការជ្រើសរើសទីតាំងដែលមានសក្តានុពលដាំបន្លែ និងមានប្រភពទឹកគ្រប់គ្រាន់ សម្រាប់អនុវត្តផលិតកម្មបានពេញមួយឆ្នាំ និងជ្រើសរើសសហគមន៍ដែលមានសក្កានុពលនិងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផលិតដំណាំបន្លែក្នុងទ្រង់ទ្រាយធំផងដែរ ៕