ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ ចំនួន៥ ដែលស្នើឡើងដោយរាជរដ្ឋាភិបាលទុកជាការប្រញាប់។ កិច្ចប្រជុំនេះធ្វើឡើង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ ចំនួន៥នោះរួមមាន៖ ១ ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដោយបានអនុម័តសម្រេចបញ្ជូនទៅ គណៈកម្មការទី៤ គឺគណៈកម្មការមហាផ្ទៃ ការពារប្រទេស ដោយសហការជាមួយ គណៈកម្មការទី២ គឺគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ ជូនមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។
២ សេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលសេចក្តីព្រាងច្បាប់នេះ ត្រូវបានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់ឱ្យគណៈកម្មការទី៤ សហការជាមួយគណៈកម្មការទី២ សិក្សាស្រាវជ្រាវហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។
៣-សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ត្រូវបានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចប្រគល់ជូនគណៈកម្មការទី៦ គឺគណៈកម្មការនីតិកម្ម និងយុត្តិធម៌សិក្សាស្រាវជ្រាវ ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។
៤ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី ស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល និងបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ និងកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការ គេចវេះពន្ធ និងការចៀសវាងពន្ធ ត្រូវបានកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចប្រគល់ជូនគណៈកម្មការទី២ គឺគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សហការជាមួយគណៈកម្មការទី៥ គឺគណៈកម្មការ ការបរទេស សហប្រតិបត្តិការអន្តរជាតិ សិក្សាស្រាវជ្រាវ ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវិញ។
៥ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម ឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នា ដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ ត្រូវបានកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចប្រគល់ជូនគណៈកម្មការទី៧ គឺគណៈកម្មការអប់រំ វប្បធម៌ សាសនា យុវជន និងកីឡា សហការជាមួយគណៈកម្មការការបរទេស សហប្រតិបត្តិការអន្តរជាតិ ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីចាត់ការបន្ត៕ ដោយ៖ ប៊ុនធឿន